រុស្ស៊ីជំរុញឱ្យអាស៊ែបៃហ្សង់ និងអ៊ីរ៉ង់ ធ្វើការអត់ធ្មត់ចំពោះឧប្បត្តិហេតុរបស់យន្តហោះគ្មានមនុស្សបើក
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ -- យោងតាមគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានអំពាវនាវដល់ប្រទេសអាស៊ែបៃហ្សង់ និងអ៊ីរ៉ង់ ធ្វើការអត់ធ្មត់ និងជៀសវាងការចាត់វិធានការប្រញាប់ប្រញាល់ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើតំបន់ Nakhchivan របស់ប្រទេសអាស៊ែបៃហ្សង់។
កាលពីថ្ងៃព្រហស្បតិ៍ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយដែលត្រូវបានចោទប្រកាន់ថាបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ បានវាយប្រហារលើតំបន់ Nakhchivan របស់ប្រទេសអាស៊ែបៃហ្សង់ ដោយបានបណ្តាលឱ្យមនុស្ស ៤នាក់រងរបួស។ ប្រទេសអាស៊ែបៃហ្សង់បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថាបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ប៉ុន្ដែទីក្រុងតេអេរ៉ង់បានបដិសេធ។
លោកស្រី ហ្សាខារ៉ូវ៉ា បាននិយាយថា ប្រទេសរុស្ស៊ីជំរុញប្រទេសទាំងពីរឱ្យចៀសវាង «ជំហានដែលមិនគិតគូរ» ដែលអាចបង្កើតការបែកបាក់ថ្មីនៅក្នុងតំបន់ ដោយលោកស្រីបានបន្ថែមថា ទីក្រុងមូស្គូមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពវិវត្តន៍នៅតំបន់មជ្ឈិមបូព៌ា ដែលបណ្តាលមកពីការឈ្លានពានប្រដាប់អាវុធដោយមិនបានញុះញង់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។
អ្នកការទូតរូបនេះបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រួលដល់ការបញ្ចប់ការបង្ហូរឈាមនៅក្នុងតំបន់ ការបន្តការសន្ទនានយោបាយ និងការទូតឡើងវិញ និងការស្វែងរកដំណោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមក និងតុល្យភាពនៃផលប្រយោជន៍៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





