មជ្ឈមណ្ឌ ACCB បង្កាត់ពូជ ត្រដក់ធំ ញាស់ជាកូនបានដោយជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦--ប្រភពពីមជ្ឈមណ្ឌ ACCB បានឱ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ថា មជ្ឈមណ្ឌ ACCB ពួកយើងមានក្តីសោមនស្សរីករាយក្នុងការចែករំលែកពីការបង្កាត់ពូជ ត្រដក់ធំ របស់ពួកយើងមានកូនញាស់បានដោយជោគជ័យ។

ប្រភពដដែបញ្ជាក់ថា នេះគឺជាលើកទីពីរប៉ុណ្ណោះដែលពួកយើងបានបង្កាត់ពូជប្រភេទត្រដក់ធំដោយជោគជ័យ នៅមជ្ឈមណ្ឌល ACCB ដែលជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សប្រភេទសត្វដ៏អស្ចារ្យនេះ ដោយប្រភេទនេះចាត់ចំណាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជនៅក្នុងប្រទេសកម្ពុជា។

កូនត្រដក់នេះកំពុងធំធាត់យ៉ាងឆាប់រហ័ស សូមអរគុណទៅដល់មេបារបស់វាដែលមានការលះបង់ក្នុងការថែទាំកូនបានដោយល្អ។ ពួកវាទាំងពីរត្រូវបានជួយសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ជាច្រើនឆ្នាំមុន។ ពួកយើងសង្ឃឹមថា កូនត្រដក់តូចនេះនឹងដើរតាមដានជើងបងៗរបស់វា ហើយត្រូវបានលែងទៅរស់នៅក្នុងជម្រកធម្មជាតិវិញដោយជោគជ័យ នៅពេលដែលវាធំពេញវ័យ ៕

ដោយ៖ ណយ នឿន (ប្រភព៖ACCB)





