លោក លី បង្ហាញក្តីសង្ឃឹមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត និងថាមពលជាមួយសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា លោកនឹងស្វែងរកមធ្យោបាយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសសិង្ហបុរីក្នុងវិស័យថ្មីៗដែលមានសក្តានុពល ដូចជាបញ្ញាសិប្បនិម្មិត (AI) ថាមពលកកើតឡើងវិញ និងការពារជាតិ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ «ផ្តោតលើអនាគត»។
លោក លី បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយប្រជាជនកូរ៉េនៅប្រទេសសិង្ហបុរីនៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក មុនពេលកិច្ចពិភាក្សាកំពូលរបស់លោកជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរេន វង់ (Lawrence Wong)។ កិច្ចប្រជុំនេះ ដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទ នឹងជាលើកទីពីររបស់ពួកគេក្នុងរយៈពេលបួនខែបន្ទាប់ពីប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងអំឡុងពេលកិច្ចពិភាក្សាលើកដំបូងរបស់ពួកគេនៅប្រទេសកូរ៉េខាងត្បូង។
លោក លី បានមានប្រសាសន៍ថា «កូរ៉េ និងសិង្ហបុរីអាចជាដៃគូដ៏ល្អដោយផ្អែកលើបទពិសោធន៍រួមគ្នារបស់ពួកគេក្នុងការយកឈ្នះលើធនធានធម្មជាតិដ៏កម្រជាមួយនឹងដើមទុនមនុស្ស» ដោយលោកបានស្នើសុំការគាំទ្រពីសហគមន៍កូរ៉េក្នុងការបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី។
លោក លី បាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងសិង្ហបុរីបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដើម្បីប្រារព្ធខួបលើកទី៥០ នៃចំណងការទូតកាលពីឆ្នាំមុន ដោយបង្កើតសន្ទុះដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀតក្នុងរយៈពេល៥០ឆ្នាំខាងមុខតាមរយៈកិច្ចសហប្រតិបត្តិការផ្តោតលើអនាគត។
លោក លី បានមានប្រសាសន៍ថា «ចាប់ពីពេលនេះតទៅ ភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងពង្រីកវិសាលភាពដល់វិស័យយុទ្ធសាស្ត្រនាពេលអនាគត ដូចជា បញ្ញាសិប្បនិម្មិត (AI) ថាមពល ការផ្លាស់ប្តូរបៃតងនិងឧស្សាហកម្មការពារជាតិ»។
លោកបានបន្ថែមថា «ប្រទេសទាំងពីរក៏មានគម្រោងលើកកម្ពស់ការផ្លាស់ប្តូរក្នុងវិស័យទេសចរណ៍ ការអប់រំ វប្បធម៌ និងសិល្បៈ ដើម្បីពង្រឹងភាពជាដៃគូសកលរបស់ពួកគេបន្ថែមទៀត»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





