កម្ពុជា-ចិន នឹងបើកកិច្ចប្រជុំនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦-- ក្រសួងការបរទេសកម្ពុជាបានប្រកាសថានឹងរៀបកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិននឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេសនិងសហ ប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រ ជាមានិតចិន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ប្រភពបន្តថា កម្ពុជា និងចិន បានឯកភាពគ្នាបង្កើតកិច្ចសន្ទនានេះ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា របស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ យន្តការថ្មីនេះគឺជាវេទិកា ដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដើម្បីផលប្រយោជន៍រួម។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ទាំងពីររូបនេះ ក៏នឹងចូលជួប សម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។
បន្ទាប់ពីកិច្ចសន្ទនា ២+២” ឯកឧត្តមវ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ផងដែរ។
ជាងនេះឯឧត្តមនឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់៕
ដោយ៖ប៊ុនរិទ្ធ





