រដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ និងអ៊ីរ៉ង់ ពិភាក្សាគ្នាតាមទូរស័ព្ទអំពីការកើនឡើងនៃភាពតានតឹងផ្នែកយោធា
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអាស៊ែរបៃហ្សង់ និងអ៊ីរ៉ង់ បានពិភាក្សាគ្នាអំក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទនៅថ្ងៃអាទិត្យនេះ អំពីការកើនឡើងនៃភាពតានតឹងផ្នែកយោធានៅក្នុងប្រទេសអ៊ីរ៉ង់ និងផលវិបាកក្នុងតំបន់របស់ខ្លួន ។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសអាស៊ែរបៃហ្សង់ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយ៉េដ អាបាស អារ៉ាកឈី (Seyed Abbas Araghchi) បានធ្វើបច្ចុប្បន្នភាពជូនសមភាគីអាស៊ែរបៃហ្សង់របស់លោក គឺលោក ជេយុន បេយរ៉ាម៉ូវ (Jeyhun Bayramov) អំពីការវិវត្តន៍បច្ចុប្បន្ន និងវិធានការណ៍ដែលបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលកំពុងវិវត្ត។
លោក បេយរ៉ាម៉ូវ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះយ៉ាងខ្លាំងនៃស្ថានភាពសន្តិសុខនៅក្នុងតំបន់ និងបានសម្តែងការចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេណី (Ayatollah Ali Khamenei) និងការបាត់បង់ជីវិតជនស៊ីវិលស្លូតត្រង់។
រដ្ឋមន្ត្រីអាស៊ែរបៃហ្សង់បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបញ្ឈប់អរិភាពឱ្យបានឆាប់ ដោយបញ្ជាក់ថា វិបត្តិគួរតែត្រូវបានដោះស្រាយទាំងស្រុងតាមរយៈកិច្ចសន្ទនា និងមធ្យោបាយការទូតស្របតាមច្បាប់អន្តរជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស៊ីនហួ)





