ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ សង្កត់ធ្ងន់ទៅលើការការពារជនស៊ីវិល ចំពេលដែលមានការវាយប្រហារនៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ -- លោក ថម ហ្លេតឈ័រ (Tom Fletcher) ប្រធានផ្នែកជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមការងារមនុស្សធម៌បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃការវាយប្រហារនៅតំបន់មជ្ឈិមបូព៌ា។
លោក ហ្លេតឈ័រ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា «ថ្ងៃនេះ យើងមានការទាក់ទងយ៉ាងជិតស្និទ្ធជាមួយក្រុមការងារមនុស្សធម៌របស់យើងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ហើយយើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់មនុស្សធម៌នៃការវាយប្រហារនេះឱ្យបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព»។
លោក ហ្លេតឈ័រ បានបន្ថែមថា «ជនស៊ីវិលត្រូវតែត្រូវបានការពារ»។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាដ៏សំខាន់មួយប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា វាមានបំណងធ្វើឱ្យខូចខាតដល់សមត្ថភាពយោធារបស់ទីក្រុងតេអេរ៉ង់ និងបន្សាបអ្វីដែលទីក្រុងវ៉ាស៊ីនតោនពិពណ៌នាថាជាការគំរាមកំហែងនុយក្លេអ៊ែរ។ លោកបានជំរុញឱ្យប្រជាជនអ៊ីរ៉ង់ «គ្រប់គ្រងរដ្ឋាភិបាលរបស់ខ្លួន» នៅពេលដែលការវាយប្រហារបានបញ្ចប់។
ជាការសងសឹក អ៊ីរ៉ង់បានប្រើយន្តហោះគ្មានមនុស្សបើក និងបាញ់គ្រាប់មីស៊ីលទៅកាន់អ៊ីស្រាអែល និងវាយប្រហារមូលដ្ឋានយោធាអាម៉េរិកនៅក្នុងប្រទេសបារ៉ែន គុយវ៉ែត និងកាតា៕

ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





