លោក ដូណាល់ ត្រាំ និយាយថា អ៊ីរ៉ង់ចង់ចរចា ហើយកិច្ចពិភាក្សានុយក្លេអ៊ែរអាចធ្វើទៅបាន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា អាជ្ញាធរអ៊ីរ៉ង់បានទាក់ទងទៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីកិច្ចចរចាដែលអាចធ្វើទៅបាន ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះដែលជាសញ្ញានៃការបើកចំហរការទូតដ៏មានសក្តានុពល ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ខណៈពេលកំពុងធ្វើដំណើរពីរដ្ឋផ្លរីដាទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី លោកត្រាំ បាននិយាយថា មន្ត្រីអ៊ីរ៉ង់បានទាក់ទងមកសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ដើម្បីស្វែងរកកិច្ចចរចា។
លោកបាននិយាយថា «ពួកគេបានទូរស័ព្ទមកកាលពីម្សិលមិញ។ អ៊ីរ៉ង់បានទូរស័ព្ទមកចរចាកាលពីម្សិលមិញ»។
លោក ត្រាំ បាននិយាយថា កិច្ចប្រជុំមួយកំពុងស្ថិតក្នុងដំណើរការរៀបចំ បើទោះបីជាលោកបានព្រមានថា ការវិវត្តន៍នៅនឹងកន្លែងអាចបង្ខំឱ្យសហរដ្ឋអាមេរិកធ្វើសកម្មភាពមុនពេលកិច្ចចរចាណាមួយកើតឡើងក៏ដោយ។
អ៊ីរ៉ង់ត្រូវបានវាយប្រហារដោយការតវ៉ាចាប់តាំងពីចុងខែធ្នូឆ្នាំមុនមកដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយបណ្ណជាតិរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។
លោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយកំពុងពិចារណា «ជម្រើសដ៏ខ្លាំងក្លា» ខណៈដែលចំនួនអ្នកស្លាប់ដែលបានរាយការណ៍នៅក្នុងការតវ៉ាកំពុងបន្តកើនឡើង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





