កាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់៤០គ្រួសារនៅស្រុកស្វាយលើ
AKP សៀមរាប ថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦ -- នៅរសៀលថ្ងៃទី៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោក គុជ លីណា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤០គ្រួសារនៅស្រុកស្វាយលើ ដោយនាំយកអំណោយមួយចំនួនទៅផ្តល់ជូនផងដែរ ដែលពិធីជួបជុំនៃការសួរសុខទុក្ខ និងចែកអំណោយនេះធ្វើនៅវត្តសែនជ័យ ភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ។

យោងតាមការឱ្យដឹងពីអាជ្ញាធរស្រុកស្វាយលើ បានឱ្យដឹងថា មានប្រជាពលរដ្ឋ ០៤គ្រួសារបានរងគ្រោះដោយរលំផ្ទះទាំងស្រុង រីឯ ៣៦គ្រួសារទៀត រងគ្រោះដោយការប៉ះពាល់ផ្ទះធ្ងន់ធ្ងរ។ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបយកទៅចែកជូនគ្រប់ គ្រួសាររងគ្រោះនោះរួមមាន អង្ករ ទឹកត្រី អំបិល កន្ទេល មុង ភួយ សារុង ក្រមា ស័ង្កសី និងថវិកាមួយចំនួន។


មានប្រសាសន៍នាឱកាសជួបជុំសួរសុខទុក្ខនោះ លោក គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលតែងតែគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកអ្នកណាម្នាក់ចោលឡើយ និងទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។

លោក គុជ លីណា បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតរបស់បងប្អូនទេ តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន៕
ដោយ៖ ហង្ស សៀក





