ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីចាប់អារម្មណ៍ក្នុងការស្វែងយល់លម្អិតពីអាទិភាពរបស់ក្រសួងអប់រំនៃប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦-- ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការគាំទ្រ និងសម្របសម្រួលនូវរាល់កិច្ចសហប្រតិបត្តិការនានាជាមួយសិង្ហបុរី និងបានបញ្ជាក់នូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់លម្អិតពីអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡានៃប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត។

ក្នុងជំនួបសម្តែងការគួរសម នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជាជឿជាក់ថា ប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរីនឹងអាចបន្តជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះឱ្យកាន់តែប្រសើរ ជាពិសេសការលើកកម្ពស់ការអប់រំបែបទំនើបផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្លែងថា លោកបានចាប់ផ្ដើមបេសកកម្មការទូតនៅកម្ពុជាជាផ្លូវការនាដើមខែមេសា ឆ្នាំ២០២៦នេះ ជាមួយបេសកកម្មចម្បងៗផ្ដោតលើ ការពង្រឹងទំនាក់ទំនងទ្វេភាគី និងសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ ការអភិវឌ្ឍឌីជីថល និងសេដ្ឋកិច្ចបៃតង ការអភិវឌ្ឍធនធានមនុស្ស និងការអប់រំ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងសន្តិសុខស្បៀង។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីសិង្ហបុរី ចំពោះការប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ព្រមទាំងបានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរដល់ ឯកឧត្តម Steven Pang ដែលត្រូវបានរដ្ឋាភិបាលសិង្ហបុរី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទី១១ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈអាហារូបករណ៍ ការផ្លាស់ប្ដូរបទពិសោធលើការងារអប់រំ និងកម្មវិធីអភិវឌ្ឍសមត្ថភាពយុវជន ដោយបានរំលេចពីដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្ការបស់គណៈប្រតិភូក្រសួងអប់រំទៅកាន់ស្ថាប័នអប់រំនៅសិង្ហបុរីកាលពីឆ្នាំកន្លងទៅ និងការផ្លាស់ប្ដូរបទពិសោធរវាងសិស្សនៃប្រទេសទាំងពីរ តាមរយៈទស្សនកិច្ចសិក្សានៅសាលារៀនជំនាន់ថ្មី។

សូមជម្រាបថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្សរវាងកម្ពុជា និងសិង្ហបុរី ក្រោមក្របខណ្ឌទ្វេភាគី និងអាស៊ានមានសន្ទុះខ្លាំងក្នុងរយៈពេលជាង ៣ទសវត្សរ៍ចុងក្រោយនេះ ដោយសម្រេចបានសមិទ្ធផលជាច្រើន រួមមាន កម្មវិធីអាហារូបករណ៍អាស៊ាន មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (CSCC) ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ កម្មវិធីផ្លាស់ប្ដូរយុវជន ការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងវិស័យកីឡាជាដើម៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





