ការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅអ៊ីរ៉ង់បន្តចូលដល់សប្តាហ៍ទីបី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ -- ការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់បានចូលដល់សប្តាហ៍ទីបីហើយ ដោយការតវ៉ានេះបានរីករាលដាលពាសពេញប្រទេស ចំពេលដែលកំពុងមានវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ដែលបង្កឡើងដោយការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ និងការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយបណ្ណរៀលរបស់អ៊ីរ៉ង់។
អ្នកលក់ដូរជាច្រើនបានចូលរួមធ្វើការតវ៉ានៅទូទាំងប្រទេស ដោយបិទអាជីវកម្មរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចដែលកាន់តែអាក្រក់ទៅៗ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកជី (Abbas Araghchi)បាននិយាយកាលពីថ្ងៃចន្ទថា ការតវ៉ាដែលកំពុងបន្តនៅក្នុងប្រទេសនេះមិនអាចពិពណ៌នាថាជាបាតុកម្មបានទេ ផ្ទុយទៅវិញ លោកបានហៅពួកគេថាជា «សង្គ្រាមភេរវកម្ម»។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក អារ៉ាកជី បាននិយាយថា«អ្វីដែលកំពុងកើតឡើងនៅពេលនេះមិនមែនជាការតវ៉ាទេ វាគឺជាសង្គ្រាមភេរវកម្មប្រឆាំងនឹងប្រទេស»។
លោកបានអះអាងថា «អាជ្ញាធរអ៊ីរ៉ង់មានខ្សែអាត់សំឡេងនៃសារសំឡេងដែលបានផ្ញើទៅកាន់ក្រុមភេរវករ ដោយបញ្ជាឱ្យពួកគេបាញ់ប្រហារលើជនស៊ីវិល និងកងកម្លាំងសន្តិសុខ»។
លោក អារ៉ាកជី បាននិយាយថា ក្រុមទាំងនោះក៏បានកំណត់គោលដៅលើអគាររដ្ឋាភិបាល ស្ថានីយ៍ប៉ូលិស និងហាងនានាផងដែរ ហើយបានអះអាងថា អាជ្ញាធរមានរូបភាពដែលបង្ហាញពីអាវុធដែលកំពុងត្រូវបានចែកចាយក្នុងចំណោមក្រុមអ្នកតវ៉ា។
ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថារដ្ឋាភិបាលរបស់លោកប្តេជ្ញាដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដែលនេះជាការកត់សម្គាល់ជាលើកដំបូងរបស់លោក ចាប់តាំងពីការតវ៉ាដែលបានចាប់ផ្តើមកាលពីខែមុន។
លោក អាលី ឡារីចានី (Ali Larijani) លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានអំពាវនាវឱ្យមានសកម្មភាពដ៏ម៉ឺងម៉ាត់ប្រឆាំងនឹងអ្វីដែលលោកហៅថា «ក្រុមកុបកម្ម»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





