គ្រឿងញៀនជាង ១៣៦គីឡូក្រាមត្រូវបានរឹបអូសនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មានKabar ជាតិបានរាយការណ៍ថា អាជ្ញាធរប្រឆាំងគ្រឿងញៀនកៀហ្ស៊ីស៊ីស្ថានបានរឹបអូសគ្រឿងញៀនជាង ១៣៦គីឡូក្រាមពីក្រុមជួញដូរគ្រឿងញៀនឆ្លងដែនដែលមានអង្គការចាត់តាំង។
យោងតាមសេវាប្រឆាំងការជួញដូរគ្រឿងញៀននៃក្រសួងកិច្ចការផ្ទៃក្នុងកៀហ្ស៊ីស៊ីស្ថាន បានឱ្យដឹងថា ក្រុមនេះធ្លាប់ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធនិងលក់គ្រឿងញៀនមានដើមកំណើតមកពីប្រទេសអាហ្វហ្គានីស្ថានតាមរយៈកៀហ្ស៊ីស៊ីស្ថានក្នុងទ្រង់ទ្រាយធំ។
របាយការណ៍បាននិយាយថា សមាជិក ៧នាក់នៃក្រុមគ្រឿងញៀនដែលមានអង្គការចាត់តាំងត្រូវបានចាប់ខ្លួន ហើយបុគ្គលម្នាក់ទៀតត្រូវបានកំណត់អត្តសញ្ញាណ និងដាក់ក្នុងបញ្ជីអន្តរជាតិ។ ពួកគេត្រូវបានកំណត់អត្តសញ្ញាណថាជាពលរដ្ឋនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី តាជីគីស្ថាន និងកាហ្សាក់ស្ថាន។
គ្រឿងញៀនមួយបាវដែលមានប្រភពមកពីប្រទេសអាហ្វហ្គានីស្ថានរួមទាំងអាភៀនជាង ២០គីឡូក្រាម និងហាស៊ីសជាង ១១៦គីឡូក្រាម ត្រូវបានរឹបអូសពីលំនៅដ្ឋានរបស់អ្នកជាប់ឃុំ ក៏ដូចជាពីកន្លែងលាក់ខ្លួនដែលបំពាក់យ៉ាងពិសេស រួមទាំងនៅក្នុងយានយន្តផងដែរ។
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





