រដ្ឋមន្ត្រីក្រសួងថាមពលអាម៉េរិក៖ សហរដ្ឋអាមេរិកនឹងគ្រប់គ្រងការលក់ប្រេងរបស់វេណេស៊ុយអេឡាដោយគ្មានកំណត់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ -- លោក គ្រីស វ្រ៉ាយត៍ (Chris Wright) រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកមិនត្រឹមតែនឹងធ្វើទីផ្សារប្រេងដែលស្តុកទុកនៅក្នុងប្រទេសវេណេស៊ុយអេឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងការលក់ទិន្នផលប្រេងពីប្រទេសនេះដោយគ្មានការកំណត់ទៀតផង។
នៅក្នុងសន្និសីទឧស្សាហកម្មមួយនៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា លោក វ្រ៉ាយត៍ បាននិយាយថា «យើងនឹងធ្វើទីផ្សារប្រេងឆៅដែលចេញពីប្រទេសវេណេស៊ុយអេឡា ដំបូងឡើយ ប្រេងនេះត្រូវបានរក្សាទុក ហើយបន្ទាប់មកយើងនឹងលក់ផលិតផលដែលចេញពីប្រទេសវេណេស៊ុយអេឡាចូលទៅក្នុងទីផ្សារដោយគ្មានកំណត់»។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។
លោក វ្រ៉ាយត៍ បាននិយាយថា «ការលក់នឹងធ្វើឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងដាក់ចូលទៅក្នុងគណនីដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក»។
លោក វ្រ៉ាយត៍ បានបន្ថែមថា ប្រាក់ចំណូលពីការលក់ប្រេងអាចហូរចូលទៅក្នុងប្រទេសវេណេស៊ុយអេឡាវិញ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ ខណៈដែលសហរដ្ឋអាមេរិកត្រូវការឥទ្ធិពល និងការគ្រប់គ្រងការលក់ប្រេង ដើម្បីជំរុញការផ្លាស់ប្តូរដែលត្រូវតែកើតឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡា។
យោងតាមលោក វ្រ៉ាយត៍ បានឱ្យដឹងថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុងស្ថិតក្នុងការសន្ទនាយ៉ាងសកម្មជាមួយមេដឹកនាំរបស់ប្រទេសវេណេស៊ុយអេឡា ក៏ដូចជាបណ្តាក្រុមហ៊ុនប្រេងរបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរវេណេស៊ុយអេឡា «នឹងប្រគល់»ប្រេងដែលត្រូវបានអនុម័តចំនួនចន្លោះពី ៣០លាន ទៅ ៥០លានបារ៉ែលទៅឱ្យសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកត្រូវបានរិះគន់ និងតវ៉ាយ៉ាងទូលំទូលាយ បន្ទាប់ពីការវាយប្រហារយោធាទ្រង់ទ្រាយធំលើប្រទេសវេណេស៊ុយអេឡា ដែលមនុស្សជាច្រើនបានចាត់ទុកថាជាសកម្មភាពខុសច្បាប់ ដែលភាគច្រើនបណ្តាលមកពីបំណងប្រាថ្នាចង់គ្រប់គ្រងទុនបម្រុងប្រេងដ៏ច្រើនរបស់ប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូងមួយនេះ៕





