វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្តពានសម្តេចតេជោ ហ៊ុន សែន លទ្ធផលស្មើគ្នាទាំងពីរគូ ក្នុងជំនួបជើងទី១
AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥--ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺ២ប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររក្សាបានលទ្ធផលស្មើគ្នាទាំងពីរគូ សម្រាប់ជំនួននៅជើងទី១។

២ប្រកួតនេះ រួមមាន៖ ក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប រក្សាបានលទ្ធផលស្មើគ្នា ០-០ ជាមួយក្រុមភ្នំពេញហ្គាឡាក់ស៊ី ខណៈក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម និងក្រុមខេត្តត្បូងឃ្មុំ ក៏រក្សាលទ្ធផលស្មើគ្នាដែរ ១-១ ដោយ១គ្រាប់របស់ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាមធ្វើសម្រេចដោយកីឡាករ កសឹម នារ៉ទីន នៅនាទី៥៧ ខណៈ១គ្រាប់បើកការនាំមុខមុនរបស់ក្រុមភ្ញៀវខេត្តត្បូងឃ្មុំរកបានដោយកីឡាករ មមាំម៉ាត់ ម៉ូស្តាហ្វា នៅនាទី២១។

២ប្រកួតនេះនឹងត្រូវផ្លាស់ប្តូទឹកដីគ្នាម្តងទៀត សម្រាប់ជំនួបជើងទី២ នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីកាត់សេចក្តីថាតើ២ក្រុមណាត្រូវឡើងទៅប្រកួតដណ្តើមម្ចាស់ដំណែងជើងឯកថ្នាក់ខេត្ត និង២ក្រុមទៀតត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣។ សម្រាប់២ប្រកួត គឺដណ្តើមចំណាត់ថ្នាក់លេខ៣ និងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមម្ចាស់ជើងឯកគ្រោងនឹងធ្វើឡើងនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ជាមួយនឹងពិធីបំពាក់មេដាយបិទកម្មវិធីថ្នាក់ខេត្តតែម្តង។

ចំពោះ៤ក្រុម ដែលកំពុងលេងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្តនេះត្រូវឡើងទៅលេងនៅវគ្គជម្រុះ១៦ក្រុមថ្នាក់ជាតិជាមួយក្រុមទាំង១១ ដែលកំពុងឈរជើងនៅក្នុងក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ ឬលីគកំពូលកម្ពុជា។ ចំពោះបេក្ខភាព១ក្រុមទៀត ក្នុងថ្នាក់ខេត្តនេះនឹងត្រូវប្រកួត Play-Off ក្នុងចំណោមក្រុមដែលធ្លាក់ចេញក្នុងវគ្គ៨ក្រុមចុងក្រោយ (ថ្នាក់ខេត្ត) ដើម្បីយកទៅបំពេញកៅអី៥ក្រុម ឡើងទៅប្រកួតវគ្គជម្រុះ១៦ក្រុមថ្នាក់ជាតិ។សម្រាប់ការប្រកួត Play-Off ដណ្តើម១កៅអីឡើងទៅប្រកួតថ្នាក់ជាតិ វគ្គ១៦ក្រុម គឺក្រុមមន្ទីរអប់រំខេត្តកំពត ប៉ះ បាត់ដំបងយូណាយធីត ខណៈខេត្តព្រះសីហុ ប៉ះ មន្ទីរអប់រំខេត្តកំពង់ស្ពឺ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ហើយក្រុមឈ្នះៗចំនួន២ក្រុមនៃពីរប្រកួតនេះនឹងត្រូវឡើងទៅប្រកួតដណ្តើមកៅអីតែ១ សម្រាប់វគ្គជម្រុះថ្នាក់ជាតិ១៦ក្រុម។ មានន័យថា ក្រុមឈ្នះ១ក្រុម វគ្គ Play-Off នេះរួមទាំង៤ក្រុមដែលប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវដឹកដៃគ្នា (៥ក្រុម) ឡើងទៅប្រកួតជម្រុះថ្នាក់ជាតិ ១១ក្រុមនៃលីគកំពូល (សរុប១៦ក្រុម ថ្នាក់ជាតិ)៕

ដោយ ហេង ណាលីន





