រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ កិច្ចការព្រំដែន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ជាតិ
AKP រតនគិរី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានថ្លែងបញ្ជាក់ថា កិច្ចការព្រំដែន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ជាតិ ដែលកន្លងមក ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចឆន្ទៈមោះមុតក្នុងការកសាងខ្សែបន្ទាត់ព្រំដែន និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ ជាក់លាក់ និងស្ថាពរ ដើម្បីបន្សល់ទុកជូនកូនចៅខ្មែរគ្រប់ជំនាន់។ ការថ្លែងរបស់ឯកឧត្តមបែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា» នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តរតនគិរី ។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុងហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តមតំណាងក្រសួងមហាផ្ទៃ និងតំណាងក្រសួងការពារជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការចំណុះសាលាខេត្តរតនគិរី អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមេភូមិជាប់ព្រំដែន ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជន និងសិស្សនិស្សិត សរុបចំនួន ៣២១ នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម ឡាំ ជា បានគូស បញ្ជាក់អំពីគោលបំណងដ៏សំខាន់នៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអ្នកចូលរួមទាំងអស់បានយល់ដឹងកាន់តែច្បាស់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយអំពីទិដ្ឋភាពច្បាប់អន្តរជាតិ បច្ចេកទេសកិច្ចការព្រំដែន ទិដ្ឋភាពប្រវត្តិសាស្ត្រទឹកដី និងយុទ្ធសាស្រ្តការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកកម្ពុជា សំដៅរួមគ្នាទប់ស្កាត់ និងបន្សាបរាល់ព័ត៌មានមិនពិត ការញុះញង់ ឬការបំភ្លៃការពិតពីសំណាក់ក្រុមជនអគតិជ្រុលនិយមមួយចំនួនតូច ព្រមទាំងចូលរួមការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍រំលេចថា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តថែរក្សាការពារនុវសមិទ្ធផលជាប្រវត្តិសាស្រ្តពាក់ព័ន្ធកិច្ចការព្រំដែន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ ក្នុងការសម្រេចចក្ខុវិស័យកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕




ដោយ៖ រិទ្ធី ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន





