យុទ្ធនាការផ្សព្វផ្សាយ និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញ ដឹកនាំក្រុមការងារ សហការជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បើកយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការការពារជំងឺគ្រុនឈាម ដាក់ថ្នាំអាប៊ែតតាមខ្នងផ្ទះ ដែលមានការចូលរួមពីសំណាក់ មន្ត្រីរាជការ តាមមន្ទីរអង្គភាព មន្ត្រីអនុសាខា បុគ្គលិកមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តកាកបាទក្រហម កងកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីចុះផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋនៅក្រុងខេរមភូមិន្ទ ដែលមានប្រជាពលរដ្ឋចូលរួមជាច្រើន ។

ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល និងជាលេខាធិការគណៈកម្មាធិការសាខា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុកពីចម្ងាយអំពីសំណាក់ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានវត្តមានទីនេះទាំងអស់។
គោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ទាំងអស់យល់ដឹងអំពីវិធានការការពារជំងឺគ្រុនឈាម ដោយរដូវនេះជារដូវវស្សាភ្លៀងធ្លាក់គ្រប់ទីកន្លែង មានដក់ទឹកអាចបង្កជាជម្រកមូសរស់នៅ ដោយប្រកាន់ភ្ជាប់នូវគោលជំហរស្របតាមពាក្យស្លោក"ខ្ញុំ នឹងគ្រួសារខ្ញុំជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក" ។


ក្នុងឱកាសនេះក្រុមការងារបានលើកយកនូវសារអប់រំមួយចំនួនដើម្បីឱ្យសហគមន៍មានសុខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង ៤ ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម ស្របតាមទិសស្លោក"ស្រឡាញ់ខ្លួនស្ងួនចំណី"។

ដើម្បីឱ្យសហគមន៍មានភាពធន់និងអាកាសធាតុសូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយ ដូចជា÷
-អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម។
-ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ
-មិនដុត ឬកប់សំបកដបជ័រក្នុងដី បើមានអាការៈមិនស្រួល ក្តៅខ្លួន សូមរួសរាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត៕


ដោយ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





