លោក ងិន សុខបញ្ញា៖ ប្រភេទកីឡាទ្រីយ៉ាត្លុងកម្ពុជា រំពឹងការពារមេដាយមាស១គ្រឿង ក្នុងស៊ីហ្គេម នៅថៃ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥--បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនប្រតិភូកីឡា២១ប្រភេទ ស្មើនឹង ៣៣២នាក់ចូលរួមប្រកួតស៊ីហ្គេម នាខែធ្នូ ២០២៥ នៅប្រទេសថៃ ក្នុងនោះប្រភេទកីឡាទ្រីយ៉ាត្លុងរំពឹងការពារមេដាយមាស១គ្រឿង ក្នុងចំណោមមេដាយមាស២ និងប្រាក់១ ដែលធ្លាប់ដណ្តើមបាន ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជារំពឹងថា ប្រភេទកីឡាទ្រីយ៉ាត្លុងកម្ពុជានឹងអាចការពារមេដាយមាស១ ក្នុងស៊ីហ្គេម លើកទី៣៣ ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ បន្ទាប់ពីដណ្តើមបានមេដាយមាស២ និងប្រាក់១គ្រឿង ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។ ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា មានសមាសភាព ១០នាក់ ក្នុងនោះ គ្រូបង្វឹកជនជាតិបារាំងម្នាក់ គ្រូខ្មែរម្នាក់ កីឡាករ-កីឡាការិនីបារាំងចូលសញ្ជាតិខ្មែរ២នាក់ កីឡាករ-កីឡាការិនីកូនកាត់ខ្មែរ-បារាំង២នាក់ និងកីឡាករ-កីឡាការិនីខ្មែរសុទ្ធ៤នាក់។

លោក ងិន សុខបញ្ញា គូសបញ្ជាក់បន្ថែមថា ចំពោះបេក្ខភាពម្ចាស់មេដាយមាស២គ្រឿងស៊ីហ្គេម ឆ្នាំ២០២៣ គឺកីឡាការិនី ម៉ាហ្គតមរតក ហ្គារ៉ាប៊ីធៀន និងម្ចាស់មេដាយប្រាក់ កីឡាករ សុខា ម៉ៃគែល ចូម៉ុន នឹងត្រូវចូលរួមប្រកួតស៊ីហ្គេម នៅថៃនេះដែរ ដោយម្ចាស់មេដាយទាំងពីរនាក់ហ្វឹកហាត់នៅប្រទេសបារាំង។ ចំពោះមូលហេតុចម្បង ដែលទ្រីយ៉ាត្លុងដាក់ក្តីសង្ឃឹមតែមេដាយមាស១គ្រឿង គឺដោយសារតែម្ចាស់ផ្ទះថៃរៀបចំតែវិញ្ញាសាក្រុម មិនរៀបចំវិញ្ញាសាឯកត្តជន ដូចស៊ីហ្គេម លើកទី៣២ នៅកម្ពុជានោះទេ៕

ដោយ ហេង ណាលីន





