រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនចាត់ទុកវេទិការួមគ្នាលើកទី១៦ រវាងរដ្ឋ និងឯកជនក្នុងតំបន់អាស៊ីថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥---
ឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកថាវេទិកាមួយនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជាដែលត្រូវបានរៀបចំឡើងជាលើកដំបូង ដោយបានប្រមូលផ្តុំអ្នកធ្វើគោលនយោបាយរបស់រដ្ឋាភិបាល ក្រុមហ៊ុនផលិតរថយន្ត អ្នកផ្គត់ផ្គង់ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដែលម្នាក់ៗបានប្តេជ្ញាចិត្តចំពោះគោលដៅរួមមួយគឺ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញកំណើនប្រកបដោយចីរភាពនៃឧស្សាហកម្មរថយន្តនៅអាស៊ី តាមរយៈការដោះស្រាយបញ្ហាប្រឈម ការសម្របសម្រួលស្តង់ដារ និងការកែលម្អការប្រកួតប្រជែងក្នុងតំបន់។
ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងពិធីបើកវេទិការួមគ្នាលើកទី១៦ រវាងរដ្ឋ និងឯកជនក្នុងតំបន់អាស៊ី ដែលរៀបចំឡើងដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិនីយកម្មស្តង់ដាររថយន្តជប៉ុន នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វេទិកានេះដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់គោលនយោបាយសាធារណៈជាមួយនឹងនវានុវត្តន៍វិស័យឯកជន ហើយការផ្លាស់ប្តូរគំនិត បទពិសោធន៍ និងបច្ចេកវិទ្យាក្នុងចំណោមសេដ្ឋកិច្ចអាស៊ីគឺមានសារៈសំខាន់ណាស់ក្នុងការកែលម្អអន្តរប្រតិបត្តិការ និងបង្កើនភាពប្រកួតប្រជែងក្នុងតំបន់។ ក្នុងន័យនេះយើងត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីធានាការសម្របសម្រួលនៃបទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារ ជាពិសេសសម្រាប់សុវត្ថិភាព និងការអនុវត្តបរិស្ថាន ការទទួលស្គាល់គ្នាទៅវិញទៅមកនៃប្រព័ន្ធសាកល្បង និងវិញ្ញាបនបត្រ ការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ដ៏រឹងមាំ ការផលិតគ្រឿងបន្លាស់ ការវិនិយោគជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្រាវជ្រាវ ដោយកម្ពុជាជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈវេទិកាដូចជាវេទិការួមរវាងរដ្ឋ និងឯកជន គឺមានសារៈសំខាន់សម្រាប់ការកសាងឧស្សាហកម្មរថយន្តដែលមានការតភ្ជាប់និងធន់នៅទូទាំងអាស៊ី។
ឯកឧត្តមបានបន្តថា វិស័យរថយន្តគឺជាម៉ាស៊ីនដ៏សំខាន់មួយដែលជំរុញឧស្សាហូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់របស់យើង ដោយនៅទូទាំងទ្វីបអាស៊ីឧស្សាហកម្មនេះគាំទ្រដល់ការងាររាប់លាន លើកកម្ពស់ការច្នៃប្រឌិត និងបម្រើជាកាតាលីករសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ហើយថាសព្វថ្ងៃនេះតំបន់របស់យើងឈរនៅចំណុចរបត់ដ៏សំខាន់មួយ ខណៈដែលវិស័យរថយន្តសកលកំពុងវិវត្តយ៉ាងឆាប់រហ័សក្រោមការបង្កើតឡើងដោយការផ្លាស់ប្តូរបច្ចេកវិទ្យា តម្រូវការបរិស្ថាន និងការតភ្ជាប់ឌីជីថល ដែលយើងកំពុងឃើញសម័យកាលថ្មីមួយដែលកំណត់ដោយអគ្គិសនីភាវូបនីយកម្ម ស្វ័យប្រវត្តិកម្ម និងប្រព័ន្ធចល័តឆ្លាតវៃ។


ឯកឧត្តម ប៉េង ពោធិនា បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជាការផ្លាស់ប្តូរនេះបង្ហាញទាំងឱកាស និងបញ្ហាប្រឈម ខណៈពេលដែលប្រព័ន្ធអេកូឡូស៊ីរថយន្តរបស់យើងនៅតែស្ថិតក្នុងដំណាក់កាលដំបូង ដែលកំពុងសម្រេចបានវឌ្ឍនភាពជាលំដាប់ និងដោយចេតនា ហើយថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់គោលនយោបាយលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី សុវត្ថិភាពយានយន្ត ការការពារបរិស្ថាន និងការសម្របសម្រួលស្តង់ដារតំបន់ ដោយតាមរយៈកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ដូចជា JASIC និងតាមរយៈក្របខ័ណ្ឌអាស៊ាន យើងសម្រេចបានវឌ្ឍនភាពនៅក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន ការអនុម័តបទប្បញ្ញត្តិយានយន្តរបស់អង្គការសហប្រជាជាតិក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៥៨ ការអភិវឌ្ឍស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិសម្រាប់ការត្រួតពិនិត្យ និងសុវត្ថិភាពយានយន្ត និងការលើកកម្ពស់យានយន្តអគ្គិសនីតាមរយៈវិធានការផ្សេងៗ ដូចជាគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនីឆ្នាំ ២០២៤-២០៣០ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិចកម្ពុជា ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដ៏ទាក់ទាញក្រោមច្បាប់ស្តីពី ការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាកថ្មយានយន្តអគ្គិសនីជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះបញ្ជីយានយន្តអគ្គិសនីសរុបចំនួន ១១.២១៤ គ្រឿង រួមទាំងរថយន្តចំនួន ៧.៦៦៩ គ្រឿង និងម៉ូតូចំនួន ៣.៥៤៥គ្រឿង ដោយកំណើនយានយន្តអគ្គិសនីបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕
ដោយ៖ ចាន់ សុភឿន រូបថត៖ សួស សាវី





