កម្ពុជា-សហភាពអឺរ៉ុបពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥-- រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជួបពិភាក្សាការងារដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-សហភាពអឺរ៉ុបឱ្យកាន់តែប្រសើរ ខណៈដែរកម្ពុជាកំពុងជំរុញបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត។

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិសាអាហារការងារពេលព្រឹកជាមួយឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Renita Bhaskar ប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រតិភូសហភាពអឺរ៉ុប ព្រមទាំងសហការី ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-សហភាពអឺរ៉ុបឱ្យកាន់តែប្រសើរថែមទៀត។

លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាមានភាពកាន់តែប្រសើរឡើងមួយកម្រិតទៀត ព្រមទាំងការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) របស់កម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងបន្តអនុវត្តនូវផែនការសកម្មភាពការងាររួមរវាងភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ៖ ស្រីពេជ្រ





