ស៊ីហ្គេមលើកទី៣៣៖ ឥណ្ឌូណេស៊ីមានបំណងដណ្តើមយកចំណាត់ថ្នាក់រួមលេខ៣
AKP ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- លោក អេរីក ថូហៀ (Erick Thohir) រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសឥណ្ឌូណេស៊ីបានកំណត់គោលដៅមេដាយមាសចំនួន ៨៥គ្រឿងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៥នៅក្នុងប្រទេសថៃ ដោយមានអត្តពលិកចំនួន ៩៩៦នាក់ត្រូវបានបញ្ជាក់ថានឹងចូលរួមប្រកួតប្រជែង។
លោកបាននិយាយថា គោលដៅនេះស្របនឹងគោលដៅមុនរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការទទួលបានចំណាត់រួមលេខ៣។
លោក ថូហៀ បាននិយាយថា ការព្យាករណ៍មេដាយពីប្រភេទកីឡាទាំងអស់ បានបង្ហាញពីសក្តានុពលសម្រាប់មេដាយមាសជាង ១២០គ្រឿងប៉ុន្តែការពិនិត្យផ្ទៃក្នុងបានសន្និដ្ឋានថា ការប៉ាន់ស្មានជាក់ស្តែង គឺប្រមាណជិតដល់ ៨០គ្រឿង។
ក្រសួងរបស់លោកក៏កំពុងវាយតម្លៃឡើងវិញនូវតម្រូវការថវិកាផងដែរដោយថវិកាដែលបានស្នើឡើងចុងក្រោយបំផុតបានឈានដល់ ៦៦ប៊ីលានរូពៀ (៣,៨លានដុល្លារអាម៉េរិក) ដើម្បីបំពេញតាមកូតាអត្តពលិកដែលស្នើសុំដោយសហព័ន្ធកីឡាជាតិ។
លោក ថូហៀ បាននិយាយថា លទ្ធផលស៊ីហ្គេមឆ្នាំ២០២៥ នឹងក្លាយជាស្តង់ដារសម្រាប់កម្មវិធីរយៈពេលវែងរបស់ក្រសួង ដែលរួមមានការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តឆ្ពោះទៅរកកីឡាអូឡាំពិកឆ្នាំ២០២៨។
លោកបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសនៅក្នុងកីឡាចំនួន៤៨ប្រភេទ ដែលត្រូវប្រកួតប្រជែង ត្រូវបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងពេញលេញ និងផ្តល់នូវលទ្ធផលដ៏រឹងមាំ ដែលរក្សាកេរ្តិ៍ឈ្មោះកីឡារបស់ប្រទេសឥណ្ឌូណេស៊ី។
លោក បាយូ ព្រីយ៉ាវ៉ាន់ ឌីចូកូសូអេតូណូ (Bayu PriawanDjokosoetono) ប្រធានក្រុមសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៥បាននិយាយថា ក្រុមរបស់លោកបានជំរុញទឹកចិត្តដល់អត្តពលិក គ្រូបង្វឹក និងមន្ត្រីនៅទូទាំងជំរុំហ្វឹកហាត់ជាតិ។
ក្នុងអំឡុងពេលទស្សនកិច្ចនោះ លោកបាននិយាយថា លោកបានសង្កេតឃើញអត្តពលិកបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំ និងស្មារតីទទួលខុសត្រូវ ដោយបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ រក្សាវិន័យ និងផ្តោតសំខាន់ទៅលើគោលដៅប្រកួតប្រជែងរបស់ពួកគេ។
លោកក៏បានអំពាវនាវឱ្យសាធារណជនគាំទ្រ និងអធិស្ឋានសម្រាប់អត្តពលិកឥណ្ឌូណេស៊ីផងដែរ ខណៈដែលពួកគេមានគោលបំណងនាំយកមេដាយពីការប្រកួតក្នុងតំបន់មកផ្ទះវិញ។
ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៥ ត្រូវបានគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។
នៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ប្រទេសឥណ្ឌូណេស៊ីបានបញ្ចប់ក្នុងចំណាត់ថ្នាក់រួមលេខ៣ ដោយទទួលបានមេដាយចំនួន២៧៦គ្រឿង ដោយក្នុងនោះមានមេដាយមាស ៨៧គ្រឿង មេដាយប្រាក់៨០គ្រឿង និងមេដាយសំរិទ្ធ ១០៩គ្រឿង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





