មន្ទីរបញ្ចកោណអះអាងថា ការបោសសម្អាតមីននៅច្រកសមុទ្រហ័រមុសអាចចំណាយពេល ៦ខែ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ -- ការបោសសម្អាតមីនចេញពីច្រកសមុទ្រហ័រមុស (Hormuz) អាចចំណាយពេលរហូតដល់ប្រាំមួយខែហើយទំនងជាមិនចាប់ផ្តើមរហូតដល់សង្គ្រាមរវាងសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់បញ្ចប់ជាផ្លូវការនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីដែលដឹងពីសេចក្តីសង្ខេបសម្ងាត់របស់មន្ទីរបញ្ចកោណផ្ញើទៅកាន់សភា។
អ្នកតាក់តែងច្បាប់ត្រូវបានគេប្រាប់ថា អ៊ីរ៉ង់ប្រហែលជាបានដាក់មីនចំនួន ២០គ្រាប់ ឬច្រើនជាងនេះនៅក្នុង និងជុំវិញច្រកផ្លូវទឹកនោះ ដោយខ្លះត្រូវបានដាក់ពង្រាយពីចម្ងាយដោយប្រើបច្ចេកវិទ្យា GPS ដែលធ្វើឱ្យការរុករកមានការពិបាក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននោះ។
ការវាយតម្លៃនេះបានធ្វើឱ្យអ្នកតាក់តែងច្បាប់ប្រជាធិបតេយ្យ និងសាធារណរដ្ឋខកចិត្ត ព្រោះវាបង្ហាញថា ផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះ រួមទាំងតម្លៃប្រេង និងសាំងកើនឡើង អាចបន្តរហូតដល់ដាច់ឆ្នាំនេះ។
ការជជែកវែកញែកអំពីមីននៅក្នុងច្រកសមុទ្រហ័រមុសមិនមែនជារឿងថ្មីនោះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានស្នើឱ្យអ៊ីរ៉ង់ដកមីនចេញ ហើយថា «ឧបករណ៍ទម្លាក់មីន»របស់អ៊ីរ៉ង់ភាគច្រើនត្រូវបានបំផ្លាញនៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក។ អ៊ីរ៉ង់បានបដិសេធការដាក់មីននៅក្នុងច្រកផ្លូវទឹកនេះដោយបានហៅការចោទប្រកាន់នោះថា ជាការឃោសនារបស់សហរដ្ឋអាមេរិក បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមបានចេញផែនទីឆ្លងកាត់សុវត្ថិភាពនៅក្នុងតំបន់នោះក៏ដោយ។
របាយការណ៍អំពីការដាក់មីនរបស់អ៊ីរ៉ង់នៅក្នុងច្រកសមុទ្របានលេចចេញជាលើកដំបូងនៅដើមខែមីនា ដោយមន្ត្រីអាម៉េរិកបានលើកឡើងថាទូកតូចៗត្រូវបានប្រើសម្រាប់ដាក់ពង្រាយបន្ទាប់ពីនាវាធំៗត្រូវបានលិច។
មន្ទីរបញ្ចកោណមិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទេដោយទីបញ្ជាការកណ្តាលអាម៉េរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយហើយសេតវិមានបានបញ្ជូនការសាកសួរទៅកាន់មន្ទីរបញ្ចកោណវិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





