ឥណ្ឌូណេស៊ីប្រកាសពីការបញ្ចប់នៃការផ្ទុះឡើងនៃជំងឺគ្រុនស្វិតដៃជើងប្រភេទទី២
AKP ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក ប៊ូឌី គូណាឌី សាឌីគីន (Budi Gunadi Sadikin) បានប្រកាសកាលពីពេលថ្មីៗនេះថា ប្រទេសឥណ្ឌូណេស៊ីបានបញ្ចប់ជាផ្លូវការនូវការផ្ទុះឡើងនៃជំងឺគ្រុនស្វិតដៃជើងប្រភេទទី២ (cVDPV2) បន្ទាប់ពីបានផ្តល់វ៉ាក់សាំងបន្ថែមប្រមាណជិត ៦០លានដូសដល់កុមារ។
លោកបាននិយាយថា គ្មានមេរោគគ្រុនស្វិតដៃជើងត្រូវបានរកឃើញនៅក្នុងចំណោមកុមារ ឬបរិស្ថានចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ មក ដែលនាំឱ្យអង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការបញ្ចប់នៃការផ្ទុះឡើងជំងឺនេះកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដូចដែលបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានអាន់តារ៉ារបស់ប្រទេសឥណ្ឌូណេស៊ី។
លោក សាឌីគីន បានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាល ឪពុកម្តាយ សហគមន៍ និងដៃគូដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងទូទាំងប្រទេស។
លោកបានរំលឹកថា ប្រទេសឥណ្ឌូណេស៊ីត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះគម្លាតនៃការគ្របដណ្តប់ការចាក់វ៉ាក់សាំងនៅតែបន្តកើតមាននៅក្នុងខេត្តជាច្រើន និងបន្តបង្កហានិភ័យ។
លោកបានបន្ថែមថា ជាមួយនឹងការផ្ទុះឡើងនៃជំងឺនេះបានបញ្ចប់ជាផ្លូវការ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាស្ថានភាពគ្មានជំងឺគ្រុនស្វិតដៃជើងរបស់ប្រទេសឥណ្ឌូណេស៊ីតាមរយៈការចាក់វ៉ាក់សាំងជាប្រចាំ ការឃ្លាំមើលកាន់តែប្រសើរឡើងកិច្ចសហការអន្តរវិស័យ និងការចូលរួមរបស់សហគមន៍។
លោកស្រី សារីយ៉ា ម៉ាយូ ពុយកាឡា (Saia Ma'u Piukala) នាយកអង្គការ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានហៅសមិទ្ធផលរបស់ប្រទេសឥណ្ឌូណេស៊ីនេះថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅរកពិភពលោកដែលគ្មានជំងឺគ្រុនស្វិតដៃជើង។
ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាករណីជំងឺគ្រុនស្វិតដៃជើងប្រភេទ២ ជាលើកដំបូងរបស់ខ្លួននៅក្នុងខែតុលា ឆ្នាំ២០២២ នៅក្នុងខេត្តអាសេហ៍។ករណីជាបន្តបន្ទាប់បានលេចឡើងនៅក្នុងខេត្តបាន់ទែន ខេត្តចាវ៉ាខាងលិច ខេត្តចាវ៉ាកណ្តាល ខេត្តចាវ៉ាខាងកើត ខេត្តម៉ាលូគូខាងជើង ខេត្តប៉ាពួកណ្តាល ខេត្តហាយលែនប៉ាពួ និងខេត្តប៉ាពួខាងត្បូង។ ករណីចុងក្រោយត្រូវបានបញ្ជាក់នៅក្នុងខេត្តប៉ាពួខាងត្បូងកាលពីថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៤។
រដ្ឋាភិបាលបានឆ្លើយតបជាមួយនឹងការចាក់វ៉ាក់សាំងទូទាំងប្រទេសចំនួនពីរជុំ ដោយប្រើវ៉ាក់សាំង OPV-2 (nOPV2) ថ្មី រវាងចុងឆ្នាំ២០២២ និងត្រីមាសទី៣ នៃឆ្នាំ២០២៤។ ការគ្របដណ្តប់ការចាក់វ៉ាក់សាំងជាប្រចាំក៏មានភាពប្រសើរឡើងផងដែរ ដោយកម្រិតទីពីរនៃវ៉ាក់សាំងគ្រុនស្វិតដៃជើងអសកម្ម (IPV) បានកើនឡើងពី ៦៣% ក្នុងឆ្នាំ២០២៣ ដល់ ៧៣% ក្នុងឆ្នាំ២០២៤៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





