សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីតំបន់ហ្គាហ្សា មិនបានបំពេញតាមការទាមទាររបស់ប្រជាជនប៉ាឡេស្ទីនទេ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ក្រុមចលនាហាម៉ាស់ប៉ាឡេស្ទីន បាននិយាយថា សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ស្តីពីតំបន់ហ្គាហ្សា ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះមិនបានបំពេញតាមការទាមទារ និងសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីននោះទេ។
ក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា «សេចក្តីសម្រេចនេះមិនបានបំពេញតាមកម្រិតនៃការទាមទារនិងសិទ្ធិនយោបាយ និងមនុស្សធម៌របស់ប្រជាជនប៉ាឡេស្ទីនរបស់យើងទេជាពិសេសនៅក្នុងតំបន់ហ្គាហ្សា... សេចក្តីសម្រេចនេះដាក់ចេញនូវយន្តការអាណាព្យាបាលអន្តរជាតិលើតំបន់ហ្គាហ្សា ដែលប្រជាជនរបស់យើង និងក្រុមរបស់ពួកគេបដិសេធ»។
កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តទៅលើសេចក្តីសម្រេចមួយដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យបង្កើតកងកម្លាំងស្ថិរភាពអន្តរជាតិ (ISF) នៅក្នុងតំបន់ហ្គាហ្សា។កងកម្លាំង ISF នឹងធ្វើការជាមួយអ៊ីស្រាអែល និងអេហ្ស៊ីបក្រោមអាណត្តិពីរឆ្នាំដំបូង ដើម្បីធានាចំពោះព្រំដែនតំបន់ហ្គាហ្សា ការពារជនស៊ីវិល ផ្តល់ជំនួយមនុស្សធម៌ បណ្តុះបណ្តាលកងកម្លាំងប៉ូលិសប៉ាឡេស្ទីនដែលបានបង្កើតឡើងវិញ និងត្រួតពិនិត្យការរំសាយអាវុធរបស់ក្រុមហាម៉ាស់ និងក្រុមប្រដាប់អាវុធផ្សេងៗទៀត។
សមាជិកក្រុមប្រឹក្សាចំនួនដប់បីរូបបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ខណៈដែលសមាជិកពីររូប គឺរុស្ស៊ី និងចិន បានបោះឆ្នោតអនុប្បវាទ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





