ប្រធានប្រតិភូកីឡាកម្ពុជា និងមន្ត្រីរដ្ឋបាលចេញទៅកីឡាយុវជនអាស៊ី នៅបារ៉ែន
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥--ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា-NOCC ទទួលបន្ទុកប្រធានប្រតិភូកីឡាកម្ពុជា និងថ្នាក់ដឹកនាំក្រសួងអប់រំ ដែលមានឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងអប់រំ ព្រមទាំងមន្ដ្រីរដ្ឋបាលមួយចំនួនបានធ្វើដំណើរទៅប្រទេសបារ៉ែន ដើម្បីចូលរួមកីឡាយុវជនអាស៊ី ឆ្នាំ២០២៥ ពីថ្ងៃទី២២-៣១ ខែតុលា។

មុនពេលចាកចេញពីមាតុប្រទេស កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា នេះជាការចេញដំណើររបស់ប្រតិភូ មន្ត្រីរដ្ឋបាលកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ខណៈប្រភេទកីឡាមួយចំនួនបានទៅដល់ប្រទេសបារ៉ែន ពីរ-បីថ្ងៃមុន ហើយនៅសល់ប្រភេទកីឡាមួយចំនួនទៀតនឹងត្រូវចេញដំណើរបន្តបន្ទាប់។ កាលពីសប្តាហ៍មុន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបានជួបសំណេះ សំណាលលើកទឹកចិត្តរួចហើយដោយជំរុញឱ្យកីឡាករ កីឡាការិនីកម្ពុជាទាំង១៤ប្រភេទកីឡាត្រូវខិតខំប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមលទ្ធផលល្អជូនជាតិ។ ក្រៅពីការប្រកួត កម្ពុជានឹងចូលរួមសម្តែងសិល្បៈវប្បធម៌ ក្នុងពិធីបិទផ្លូវការ និងទទួលទង់បន្តវេនពីម្ចាស់ផ្ទះ បារ៉ែន ឆ្នាំ២០២៥ ឆ្ពោះមកកម្ពុជា នាឆ្នាំ២០២៩ផងដែរ។

គួរបញ្ជាក់ថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ដែលបារ៉ែនធ្វើម្ចាស់ផ្ទះនេះ កម្ពុជាបានបញ្ជូនអត្តពលិក ១៤ប្រភេទកីឡាចូលរួម ចាប់ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ រួមមាន៖ អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ៣x៣ យូដូ គុនខ្មែរ ជីជីតស៊ូ គុនចម្រុះ វាយកូនឃ្លីលើតុ តេក្វាន់ដូWT ចំបាប់ លើកទម្ងន់ បញ្ចស៊ីឡាត់ និងកីឡាបាល់ទាត់លើតុ៕


ដោយ ហេង ណាលីន (រូបភាព៖ NOCC)





