លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ចែកអំណោយដល់ពលរដ្ឋ ២៤គ្រួសារដែលរងគ្រោះទឹកជំនន់ដល់ខ្នងផ្ទះ
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ -- លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រួមនិងក្រុមការងារ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានចុះនាំយកអំណោយស្បៀងអាហារសង្គ្រោះបន្ទាន់ទៅចែកជូនផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ២៤គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ស្ថិតនៅតាមបណ្តោយដងស្ទឹងមង្គលបូរី ក្នុងភូមិព្រែកជីក ឃុំបត់ត្រង់។

អំណោយដែលបានចែកជូនទៅដល់គ្រួសាររងគ្រោះ ដែលមានទឹកលិចក្រោមផ្ទះទាំងនេះ គឺក្នុងគោលបំណងដើម្បីជួយទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដែលកំពុងជួបការលំបាកដោយសារគ្រោះធម្មជាតិនៃទឹកជំនន់នេះ។
ក្នុងឱកាសនោះ លោកអភិបាលស្រុកមង្គលបូរី រ័ត្ន ដាស៊ីណង់ បានពាំនាំនូវការសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលជានិច្ចជាកាលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

លោកអភិបាលស្រុកបានបញ្ជាក់ថា «ទោះបីជាអំណោយសង្គ្រោះបន្ទាន់នេះមានចំនួនតិចតួចក្តី ក៏នេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះសម្រាប់ជួយដោះស្រាយជីវភាពបានមួយគ្រា»។
ជាមួយគ្នានោះ លោកក៏បានក្រើនរម្លឹកដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ដើម្បីជៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក និងត្រូវថែរក្សាសុខភាព ដោយរក្សាអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗដែលកើតឡើងក្នុងរដូវទឹកជំនន់។

លោក រ័ត្ន ដាស៊ីណង់ ក៏បានបន្ថែមអំពីស្ថានភាពទឹកជំនន់ផងដែរថា «ទឹកជំនន់នេះបានកើតឡើងដោយសារតែមានភ្លៀងធ្លាក់ច្រើននៅប៉ែកខាងលើកាលពីកន្លងមក ដែលបានបណ្តាលឱ្យស្ទឹងមង្គលបូរីជោរជន់លិចលង់នៅតាមតំបន់ខ្លះជាប់មាត់ស្ទឹងនេះ។ ការប៉ះពាល់បានកើតឡើងដល់ផ្ទះសម្បែង ផ្លូវថ្នល់ ស្រែ និងដំណាំរបស់ពលរដ្ឋ ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរគួរឱ្យបារម្ភនោះទេ»។
លោកអភិបាលស្រុកបានអះអាងថា អាជ្ញាធរមូលដ្ឋានបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកជំនន់នេះ ដើម្បីត្រៀមជួយសង្គ្រោះ និងអន្តរាគមន៍ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្នុងពេលទទួលអំណោយនោះ ពលរដ្ឋម្នាក់ក្នុងចំណោម ២៤គ្រួសារ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

លោកយាយ ណុប ផល្លា ជាពលរដ្ឋរងគ្រោះម្នាក់ បានលើកឡើងថា «ខ្ញុំពិតជារីករាយ និងអរគុណដល់លោកអភិបាលស្រុក និងក្រុមការងារ ដែលបានចុះមកដល់ផ្ទះទាំងល្ងាចយ៉ាងនេះ ទាំងដែលទឹកកំពុងលិច។ អំណោយនេះពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ពួកខ្ញុំ ដែលកំពុងពិបាករកចំណីអាហារ ព្រោះទឹកឡើងលិចជុំវិញផ្ទះ ធ្វើដំណើរទៅណាមិនរួច។ នេះបានបង្ហាញថា ថ្នាក់ដឹកនាំមិនបានបំភ្លេចពួកខ្ញុំទេ»។
ពលរដ្ឋទាំងអស់បានប្តេជ្ញាអនុវត្តតាមការណែនាំរបស់លោកអភិបាលស្រុក ក្នុងការប្រុងប្រយ័ត្នចំពោះសុវត្ថិភាព និងអនាម័យ៕
ដោយ: ឈុន សារ៉ាត





