ឯកឧត្តម កៅ ថាច ជួបសំណេះសំ ណាល ជាមួយកសិករជាង ៥០០នាក់ នៅស្រុកលើកដែក
AKP កណ្តាល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាកសិករ នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកលើកដែក ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុក ក្រុម ការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ការិយាល័យកសិកម្មស្រុក លោក-លោកស្រី មេឃុំ-មេភូមិ និងបងប្អូនប្រជាកសិករផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ន (ARDB) បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាឱកាសនេះមានគោលបំណងចង់ផ្សព្វផ្សាយពីសមាគមបណ្តាញកសិកតេជោដល់បងប្អូនឱ្យបានដឹង ដោយសមាគមមួយនេះបង្កើតឡើងមានគោលបំណង ធ្វើជាស្ពានឱ្យបងប្អូនកសិករដើរឆ្លងនិងធ្វើជាខែលការពារឱ្យបងប្អូនកសិករបាន។តួនាទីជាស្ពាននេះគឺ បងប្អូនកសិករអាចដើរទៅរកប្រភពទុនផ្នែកហិរញ្ញវត្ថុដើម្បីធ្វើមុខរបរក្នុងវិស័យកសិកម្ម បងប្អូនកសិករអាចដើរឆ្លងទៅរកបច្ចេកទេសក្នុងការដាំដុះនិងការចិញ្ចឹម និងធ្វើជាស្ពានសម្រាប់តភ្ជាប់បងប្អូនកសិករទៅរកទីផ្សារផងដែរ។បងប្អូនប្រជាកសិករជួបការលំបាកធំៗមួយចំនួន បងប្អូនកសិករខ្វះដើមទុនសម្រាប់ធ្វើការងារកសិកម្ម ធ្វើកសិកម្មបានផលហើយលក់មិនសូវដាច់និងបានតម្លៃទាប ការធ្វើកសិកម្មរបស់បងប្អូនក្នុងរដូវខ្លះបានផលនិងពេលខ្លះពុំសូវបានផល ហើយប្រឈមជាមួយនិងការប្រែប្រួលអាកាសធាតុ។ ពេលកសិកជួបញ្ហាក្នុងវិស័យកសិកម្ម និងដើម្បីធ្វើកសិកម្មចៀសវាងការខាតបង់ ឯកឧត្តមបណ្ឌិត បានលើកលើកទឹកចិត្តដល់កសិករគម្បីស្វែងយល់ការធ្វើកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងតំបន់ដើម្បីធានាតម្លៃកសិផល។ លើសពីនេះឯកឧត្តម ជំរុញឱ្យកសិករស្វែយល់ពីថ្លៃដើមផលិតឱ្យបានច្បាស់ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តមុនលក់កសិផលរបស់ខ្លួន បើពុំដូច្នោះទេការធ្វើកសិកម្មរបស់កសិករពិបាកនិងរកប្រាក់ចំណេញ។

ឯកឧត្តម បណ្ឌិត បានបន្តថា ស្ថិតក្នុងកាលៈទេសៈពិភពលោកកំពុងជួបបញ្ហាជាមួយនិងការប្រែប្រួលអាកាសធាតុ និងបញ្ហាសង្គ្រាម ជាពេលវេលាដែលប្រទេ សកម្ពុជាមានឱកាសធំក្នុងការផលិតដើម្បីជំនួសឱ្យនាំចូលមកពីខាងក្រៅ និងបង្កើនការផលិតសម្រាប់ការនាំចេញឱ្យបណ្តាប្រទេសដែលមានតម្រូវការ។ មុខរបរកសិកម្មនេះវាមិនទៅណាឆ្ងាយពីកម្ពុជា ឬអាចបាត់បង់ទៅណានោះទេ បងប្អូនកសិករនៅអាចធ្វើកសិកម្មដើម្បីឱ្យគ្រួសារមានជីវភាពធូរធារបាន។ ប៉ុន្តែបងប្អូនត្រូវរកឱ្យឃើញនូវថ្លៃដើមផលិតរបស់ខ្លួន កុំធ្វើកសិកម្មដើម្បីតែការកម្សាន្ត ព្រោះការធ្វើបែបនេះវាមិនទទួលបានប្រាក់ចំ ណេញនោះទេ ពិសេសនៅក្នុងដំណាក់កាលជី ចំណីសត្វ និងប្រេងឡើងថ្លៃ ដោយសារសង្គ្រាមនៅតាមតំបន់។
លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានឱ្យដឹងថា ខេត្តកណ្តាល មានប្រជាជនសរុប ១ ៣៨៤ ៤០០ នាក់ អ្នកប្រកបរកសិកម្មមានចំនួន ២៩ភាគ រយ ផ្នែកសេវាកម្ម ២៦ភាគរយនិងផ្នែកឧស្សាហកម្ម-សិប្បកម្ម ៤៥ភាគរយអ្នកធ្វើកសិកម្មសរុប ២៥៨ ៩៦២នាក់ ។ វិស័យកសិកម្ម បានរួមចំណែកក្នុងការកសាងសេដ្ឋកិច្ច រក្សាបាននូវសន្តិសុខស្បៀង ដែលអាចផ្គង់ផ្គង់តម្រូវការក្នុងខេត្ត និងនៅសល់អាចនាំចេញទៅខេត្តផ្សេងៗ ពិសេសរាជធានីភ្នំពេញ ទៀតផង ៕
ដោយ៖ ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តកណ្តាល





