អង្គការ NatureLife៖ត្រីមេពូជកើន ឡើង ក្នុងបឹងអភិរក្សសហគមន៍បាឡត
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦--អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)មានសេចក្តីរីករាយក្នុងការបង្ហាញពីសមិទ្ធិផលវិជ្ជមានថា ត្រីមេពូជកើនឡើងក្នុងបឹងអភិរក្សសហគមន៍បាឡត ដែលកើតចេញពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សហគមន៍តំបន់ការពារធម្មជាតិបាឡត ក្រោមការដឹកនាំរបស់លោក សុខ ធឿន ប្រធា នសហគមន៍ រួមជាមួយការចូលរួមយ៉ាងសកម្មរបស់គណៈកម្មការសហ គមន៍។

ប្រភពពីអង្គការ NatureLife នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ថា សហគមន៍បាឡត គឺជាសហគមន៍តំបន់ការពារធម្មជាតិតែមួយគត់ ដែលត្រូវបានបង្កើតឡើងក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ស្ថិតក្នុងភូមិសាស្រ្ដភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្រោមការគាំទ្រពីអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បឹងអភិរក្សចំនួន ៣ កន្លែង ដែលមានទំហំសរុបប្រមាណ ១២ ហិកតា ត្រូវបានការពារ និងគ្រប់គ្រងយ៉ាងជាប្រចាំ និងតឹងរ៉ឹង តាមរយៈការល្បាត ការអប់រំផ្សព្វផ្សាយ ការតាមដាននិងកត់ត្រាជីវចម្រុះ ព្រម ទាំងការសាងសង់ជម្រកត្រីសិប្បនិម្មិតដោយប្រើបង្គោលឈើនិងរុក្ខជាតិផ្សេងៗ ដើម្បីបង្កើតជាទីជម្រកសុវត្ថិភាពសម្រាប់ត្រីមេពូជ និងជាកន្លែងពងកូនជាដើម។

វត្តមានសត្វស្លាបទឹក ជីវចម្រុះសំខាន់ៗ និងជាពិសេសការកើនឡើងនៃត្រីមេពូជក្នុងបឹងអភិរក្ស បានបង្ហាញពីលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងអភិរក្សទាំងនេះ ហើយវាគឺជាការចូលរួមដ៏សំខាន់មួយក្នុងការការពារធនធានធម្មជាតិ និងធានានិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ ៕

ដោយ៖ ណយ នឿន ,ប្រភព៖NatureLife





