សិក្ខាសាលាបច្ចេកទេសបញ្ចប់គម្រោង CAPFish-Capture (លទ្ធផលទី១) ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារក្នុងវិស័យជលផល
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥-- សិក្ខាសាលាបច្ចេកទេសបញ្ចប់គម្រោង CAPFish-Capture (លទ្ធផលទី១) ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារក្នុងវិស័យជលផល ត្រូវបានបើកក្រោមអធិបតីភាពឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលជលផល ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា លោកអនុប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងភាគីពាក់ព័ន្ធសរុបចំនួន១២០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងរដ្ឋបាលជលផល (FIA) នៃប្រទេសកម្ពុជា និងទីភ្នាក់ងារធានាគុណភាពលើ ជលផល និងដែនសមុទ្រ (MFQAA) នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើប្រព័ន្ធធានាគុណភាព និងសុវត្ថិភាពផលិតផលជលផលការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពង្រឹងសមត្ថភាព អាជ្ញាធរមានសមត្ថកិច្ច និងការផ្តួចផ្តើមគំនិតរួមគ្នា ក្នុងការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ក្នុងវិស័យជលផល ក្រោយប្រមូលផល។

ជាមួយគ្នានេះ ក៏មានការប្រគល់ “ពានលើកទឹកចិត្ត” និង “ពានអ្នកដឹកនាំលើការផ្លាស់ប្តូរ” ដល់ដៃគូគម្រោងសំខាន់ៗ និងវិញ្ញាបនបត្រ CQS និង HACCP ដល់សហគ្រាសកែច្នៃក្នុងការទទួលស្គាល់ការរួមចំណែករបស់ពួកគេក្នុងការអនុវត្តគម្រោង ចែករំលែកសមិទ្ធផលសំខាន់ៗ របស់គម្រោង រួមទាំងការអនុវត្តល្អ មេរៀនជាបទពិសោធន៍ បញ្ហាប្រឈមដែលនៅសល់ និងជំហានបន្តជាមួយភាគីពាក់ព័ន្ធ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





