សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅចម្បងនៃការធ្វើកំណែទម្រង់ និងទំនើបកម្មកងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ -- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុ ប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍ថា គោលដៅចម្បងនៃការធ្វើកំណែទម្រង់ និងទំនើបកម្មកងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ដើម្បីពង្រឹងខឿនការពារជាតិឱ្យមានប្រសិទ្ធភាព។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកែទម្រង់នេះក៏ត្រូវធ្វើឱ្យស្របទៅនឹងតម្រូវជាក់ស្ដែងនៃស្ថានភាពនៃប្រទេសជាតិ ដោយសម្ដេចសង្កត់ធ្ងន់ថា «វិស័យការពារជាតិមិនមែនភ្លើងចំបើងទេ ត្រូវធ្វើរយៈពេលវែង ចឹងការធ្វើកំណែទម្រង់របស់យើងនេះ គឺផ្អែកលើកិច្ចការសំខាន់ ដូចជាការពង្រឹងរចនាសម្ព័ន្ធ ការហ្វឹកហ្វឺនគ្រឿងបំពាក់អី ប៉ុន្តែអ្វីដែលជាគោលដៅធំគឺការរៀបចំ ឧទាហរណ៍ ការបង្កើនប្រសិទ្ធភាព រចនាសម្ព័ន្ធ ជាសាមញ្ញគឺថា បង្រួមក្បាល ពង្រីកខ្លួន និយាយសាមញ្ញតែម្ដង តានិយាយថា កែទម្រង់ៗ ទិសដៅស្អី កែទម្រង់នរណាក៏និយាយបាន ប៉ិនធ្វើទិសដៅស្អី បាទ គឺកែទម្រង់ ដើម្បីគោលដៅចុងក្រោយគឺ បង្រួមក្បាល ពង្រីកខ្លួន ព្រោះខ្លួននិងជើងគឺជាអ្វីដែលជាប់ដៃ ហើយជាអ្វីដែលត្រូវដើរជាប្រចាំ»។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបានធ្វើកំណែទម្រង់កងទ័ពជាប្រចាំចាប់តាំងពីឆ្នាំ១៩៧៩មក និងរំសាយទ័ពក្រោមការដឹកនាំរបស់អ៊ុនតាក់នៅឆ្នាំ១៩៩៣ និងក្រោយបញ្ចប់សង្រ្គាមទាំងស្រុងនៅឆ្នាំ១៩៩៨ កម្ពុជាក៏បានកាត់បន្ថយថវិកាលើវិស័យការពារជាតិ ដោយបង្វែរមកអភិវឌ្ឍន៍លើវិស័យផ្សេងៗដូចជា អប់រំ និង សុខាភិបាលជាដើម។

ឆ្លើយតបនឹងការលើកឡើងថា កងកម្លាំងកម្ពុជាមានបុណ្យស័ក្ដិខ្ពស់ច្រើននាពេលបច្ចុប្បន សម្ដេចធិបតីបានពន្យល់ថា «ដោយសារយើងផ្អាកតាំងពី៩៨មក ការរើសទ័ពថ្មីគឺយើងមានចំនួនកំណត់ ការចូលនិវត្តន៍ក៏មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំឋានន្តរស័ក្ដិរបស់យើងក៏កាន់តែកើន យោធិន នគរបាលជាតិ តាមបណ្ដាអង្គភាព»។
តែទោះជាយ៉ាងណា «នៅអង្គភាពជើងក្រោមគឺមានការកំណត់ ឋានានុក្រម ព្រោះយើងមិនអាចថា ឱ្យតែដល់ឆ្នាំឡើង ជាយុទ្ធជនពាក់ផ្កាយបីក៏មិនកើត វាត្រូវមានឋានានុក្រមពីមេពួក មេក្រុម មេកងពលតូច កងអនុសេនាធំ មេវរៈ តាមឋានុក្រម ប៉ុន្តែទោះជាយ៉ាងណា ការរៀបចំបច្ចុប្បន្នយើងអត់ទាន់ត្រូវទេ ព្រោះធម្មតាស័ក្តិ១គឺមេកងអនុសេនាតូច កាន់ទ័ព៣០នាក់ជាង មិនមែនស័ក្តិមួយជាយុទ្ធជនទេ …… ចឹងបានកន្លែងខ្លះយុទ្ធជនឡើងបានស័ក្តិ១ ស័ក្ដិ២ ស័ក្តិ៣ ឬមួយមេកងតូច ស្មើនឹងកងអនុសេនាធំ តែនេះតម្រូវការស្ថានភាពជាក់ស្ដែង របស់យើង ប៉ុន្តែទៅថ្ងៃមុខយើងនឹងរៀបទ័ពឱ្យបានលំដាប់លំដោយ»។ នេះជាការពន្យល់បន្ថែមរបស់ សម្ដេធិបតី៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





