ក្រុមនារីភ្នំពេញក្រោន និងក្រុមនារី Kitchee ៣-៣ AFC Women’s Champions League
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥--ក្រុមនារីភ្នំពេញក្រោនបានធ្លាក់ចេញត្រឹមវគ្គសន្សំពិន្ទុក្នុងពូល E បន្ទាប់ពីចាញ់១ប្រកួត និងស្មើ១ប្រកួតជាមួយក្រុមនារី Kitchee របស់ហុងកុង ដោយលទ្ធផល ៣ទល់៣ កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៃពារង្វាន់ AFC Women’s Champions League រដូវកាល ២០២៥-២០២៦។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមភ្ញៀវ Kitchee របស់ហុងកុង បានបើកការនាំមុខ ២-១ នៅវគ្គទី១ ហើយនៅវគ្គទី២ ក្រុមនារីភ្នំពេញក្រោនធ្វើសម្រេចបាន២គ្រាប់វិញតាមស្មើ និងបើកការនាំមុខវិញ នៅនាទីនាទី៨២ និងនាទី៨៥ ដោយកីឡាការិនី វិបុល ស្រីស៊ីថា និងកីឡាការិនី ពឿន គន្ធា ខណៈ១គ្រាប់តាមស្មើ ៣ទល់៣ របស់ក្រុម Kitchee រកបាននៅនាទី៩០បូក៣។ កាលពីប្រកួតដំបូង កាលពីថ្ងៃទី២៥ ខែសីហា ក្រុមនារីភ្នំពេញក្រោន បានប្រកួតចាញ់ក្រុមនារី East Bengal របស់ឥណ្ឌា ០ទល់១ ដែលធ្វើឱ្យក្រុម East Bengal ឈរនៅលេខ១បណ្តោះអាសន្ន ក្នុងពូល Eនេះ។ ក្រុមនារីភ្នំពេញក្រោន បានបញ្ចប់ការប្រកួតសន្សំពិន្ទុពូល E ហើយ បន្ទាប់ពីឆ្លងកាត់ ២ប្រកួត ចាញ់១ប្រកួត និងស្មើ១ប្រកួត។

ចំណែកឯ ក្រុមនារីឥណ្ឌា East Bengal និង Kitchee ត្រូវប្រកួតជាមួយគ្នា ក្នុង១ប្រកួតចុងក្រោយ នាយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដើម្បីរកក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូលE ឡើងទៅជុំបន្ទាប់៕



ដោយ ហេង ណាលីន (រូបភាព៖ CPL)





