ព្រះខ័នរាជស្វាយរៀង យកឈ្នះ ក្រុម Shan United ៣-០ វគ្គសន្សំពិន្ទុពូល B ASEAN Club Championship Shopee Cup
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥--ក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាលមុនបានយកឈ្នះក្រុម Shan United របស់ប្រទេសមីយ៉ានម៉ា នៅកីឡដ្ឋាន Thuwunnas ទីក្រុងYangon ប្រទេសមីយ៉ាន់ម៉ា ដោយលទ្ធផលបច្ចេកទេស ៣-០ កាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្នុងការប្រកួតបើកឆាកវគ្គសន្សំពិន្ទុក្នុងពូល B នៃពានរង្វាន់ជើងឯកក្លឹបអាស៊ាន (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥-២០២៦។

ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ដែលប្រជែងបាន៣ពិន្ទុពីក្រុមម្ចាស់ផ្ទះ Shan United របស់ប្រទេសមីយ៉ានម៉ា ក្នុងលទ្ធផល ៣-០នេះធ្វើសម្រេចដោយកីឡាករ មិន រតនៈ នៅនាទី១១ កីឡាករ Patrick Ropson នៅនាទី ៤៥+៥ មុនបញ្ចប់វគ្គទី១។ ចូលដល់វគ្គទី២ កីឡាករ Peprah Kwame ធ្វើសម្រេចបានគ្រាប់ទី៣ជូនក្រុមព្រះខ័នរាជស្វាយរៀង នៅនាទី៥៣។

ជាមួយនឹងជ័យជម្នះ ៣-០ ក្នុងការប្រកួតទី១នេះបានធ្វើឱ្យក្រុមព្រះខ័នរាជស្វាយរៀងឈរនៅចំណាត់លេខ១បណ្តោះអាសន្ន ក្នុងពូល B ជាមួយនឹង៣ពិន្ទុ ខណៈក្រុម Johor Darul Ta’zime FC របស់ប្រទេសម៉ាឡេស៊ី ឈរលេខ២បណ្តោះអាសន្ន ក្រោយយកឈ្នះក្រុម Lion City Sailors FC របស់សិង្ហបុរី ៣-១។

ASEAN Club Championship Shopee Cup នេះមាន១២ក្រុមចូលរួមប្រជែងជើងឯក ដោយចែកចេញជា២ពូល ក្នុងនោះព្រះខ័នរាជស្វាយរៀងស្ថិតក្នុងពូល B ជាមួយ៥ក្រុមផ្សេងទៀត ដូចជាក្លឹប Bangkok United FC របស់ថៃ, ក្លឹប Johor Darul Ta’zime FC ម៉ាឡេស៊ី, Nam Dinh FC វៀតណាម, Lion City Sailors FC សិង្ហបុរី និងក្លឹប Shan United FC របស់ប្រទេសមីយ៉ាន់ម៉ា ដែលឡើងមកពីវគ្គជម្រុះបឋម-Play-Off។

ក្រៅពីជំនួបបើកឆាកជាមួយក្រុម Shan United FCនេះ គឺព្រះខ័នរាជស្វាយរៀងត្រូវបន្ត៤ប្រកួតទៀត រួមមាន៖ ត្រូវប៉ះជាមួយក្លឹប Nam Dinh FC វៀតណាម នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥, បន្តប៉ះជាមួយក្លឹប Johor Darul Ta’zime FC ម៉ាឡេស៊ី នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥, បន្តប៉ះជាមួយក្រុម ក្លឹប Bangkok United FC របស់ថៃ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ និងចុងក្រោយប៉ះក្លឹប Lion City Sailors FC សិង្ហបុរី នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងចំណោម៥ប្រកួត ក្នុងពូល B នេះ គឺព្រះខ័នរាជស្វាយរៀងទទួលធ្វើម្ចាស់ផ្ទះ២ប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដែលជាជំនួបជាមួយក្លឹប Johor Darul Ta’zime FC ម៉ាឡេស៊ី និងប៉ះក្លឹប Bangkok United FC របស់ថៃ។

គួរបញ្ជាក់ថា វគ្គសន្សំពិន្ទុក្នុងពូលទាំងពីរ គឺក្រុមនីមួយៗប៉ះគ្នាចំនួន១ជើងប៉ុណ្ណោះ ហើយក្រោយបញ្ចប់ការប្រកួតក្នុងពូល ២ក្រុមលើកំពូលតារាងនៃពូល A និងពូល B នឹងឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ដោយ ហេង ណាលីន (រូបភាព៖ ព្រះខ័នរាជស្វាយរៀង)





