អាជ្ញាធរជាតិអប្សរាចែកចាយកូនឈើចម្រុះ៦ពាន់ដើមដោយឥតគិតថ្លៃ
AKPសៀមរាបថ្ងៃទី០៣កក្កដាឆ្នាំ២០២៥--
គិតចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥កន្លងមកនេះ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានចែកចាយនិងប្រគល់កូនឈើចម្រុះចំនួន ៦,៤១៧ដើម ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សាលារៀន អង្គភាពរដ្ឋ សហគមន៍ឯកជន ឬអង្គការនានាទៅតាមតំរូវការ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់អោយនារសៀលថ្ងៃ៨កើតខែអាសាឍឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៥នេះថា កូនឈើចំរុះដែលគេបានផ្តល់អោយទាំងនោះរួមមាន ឈើទាលចំនួន៣៤០ដើម គ្រញូង៩០០ដើម បេង៨០០ដើម ធ្នង់១១៣០ដើមក្ងោក៨៤០ដើម ត្របែកព្រៃ១០០ដើម ច្រេស៤៣០ដើម គគីរ១៧០ដើម ចាមរី១២០ដើម ព្កុល១១០ដើម ជើងគោ៣០៥ដើម រំដួល៤១០ដើម អង្គាបុស្ប២០០ដើម រំដេញ៣០០ដើម និងឥន្ទនេល២៦០ដើម។ ហើយភាគច្រើនកូនឈើទាំងនោះត្រូវបានគេយកទៅដាំនៅតាមបរិវេណវត្ត សាលារៀន តាមមាត់ប្រឡាយ អមសងខាងផ្លូវ រមណីយដ្ឋានអង្គរ និងដាំនៅលើដីផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ៕

ដោយ៖ ហង្ស សៀក





