សម្ដេចតេជោ ហ៊ុន សែន ពន្យល់ថា ហេតុអ្វីបានជាកម្ពុជាលើកយកបញ្ហាជម្លោះនៅតំបន់ទាំងបួន ទៅតុលាការ ICJ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ចំពោះការសម្រេចចិត្ដរបស់កម្ពុជាបញ្ជូនលិខិតប្ដឹងទៅតុលាការយុត្ដិធម៌អន្ដរជាតិ(International Court of Justice-ICJ) លើសំណុំរឿងទាំងបួន ដែលរួមមាន៖ តំបន់មុំបី តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការនោះ គឺដោយសារតែភាគីទាំងពីរកម្ពុជា និងថៃ មិនអាចចុះសម្រុងគ្នា ហើយជម្រើសរបស់កម្ពុជាត្រូវរកជម្រើសសន្ដិភាព និងជម្រើសនៃការអនុវត្ដច្បាប់អន្ដរជាតិ។ ការគូសបញ្ជាក់របស់សម្ដេចតេជោបែបនេះ នាឱកាសនៃការថ្លែងសារពិសេសជូនជនរួមជាតិក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យន្ដការចរចាទ្វេភាគី និងយន្ដការចូលទៅក្នុងតុលាការគឺជាជម្រើសស្វែងរកសន្ដិភាព ហើយក៏មិនមែនបានសេចក្ដីថា កម្ពុជាបញ្ចូនសំណុំរឿងទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិគឺជាការបង្កសង្គ្រាម ឬបង្កើតសង្គ្រាមនោះទេ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ហេតុអ្វីបានជាកម្ពុជាលើកយកបញ្ហានេះទៅ ICJ ចំណុចនេះ ដោយសារតែភាគីទាំងពីរមិនអាចចុះសម្រុងគ្នាបានទេទៅលើតំបន់ទាំងបួនហ្នឹង បើភាគីទាំងពីរមិនអាចរកឃើញនូវការចុះសម្រុងគ្នា ជម្រើសរបស់យើងត្រូវរកជម្រើសសន្ដិភាព និងជម្រើសនៃការអនុវត្ដច្បាប់អន្ដរជាតិ។ ទាំងពីរហ្នឹងសុទ្ធតែសន្ដិភាពទាំងអស់ យន្ដការទ្វេភាគីនៃការចរចាក៏សន្ដិភាព យន្ដការចូលទៅក្នុងតុលាការក៏សន្ដិភាព មិនមែនបានសេចក្ដីថា បញ្ចូនសំណុំរឿងទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិគឺជាការបង្កសង្គ្រាម ឬបង្កើតសង្គ្រាមទេ។ វាច្បាស់ណាស់ហើយ សូម្បីតែប៉ុន្មានថ្ងៃកន្លងមកគេចង់បញ្ជាក់ថា គេចង់វ៉ៃគ្នាជាជាងរកសន្ដិភាពតាមរយៈតុលាការ។»
សម្ដេចតេជោក៏បានអះអាងថា កម្ពុជាមិនមែនខ្វះអាវុធ ឬខ្វះកម្លាំងដើម្បីវ៉ៃគ្នាទេ តែកម្ពុជាមិនចង់វ៉ៃគ្នានោះទេ កម្ពុជាបញ្ជាក់ពីឆន្ទៈរបស់ខ្លួន ដោយកម្ពុជាមានកម្លាំងទប់ទល់ជាមួយនឹងយថាហេតុទាំងអស់ ប៉ុន្ដែកម្ពុជាមិនចង់វ៉ៃអ្នកណាទាំងអស់ ត្រឹមតែការពារទឹកដីរបស់ខ្លួនទេ។ សម្ដេចតេជោប្រធានព្រឹទ្ធសភាបានលើកឡើងថា តំបន់ទាំងបួននេះ រួមមាន តំបន់មុំបី តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី មានព្រំដែនប្រវែងជាង៨០០ គីឡូម៉ែត្រ ប៉ុន្ដែតំបន់ទាំងបួននេះ គឺមិនអាចរកការស្រុះស្រួលគ្នាបានទេ បើយន្ដការទ្វេភាគី គឺ១០០ឆ្នាំទៀត ឬ២០០ ឆ្នាំទៀត ក៏វាមិនចប់ដែរ ហើយក៏ជាមូលហេតុនៃការផ្ទុះសង្គ្រាមរវាងជាតិសាសន៍នៃប្រទេសទាំងពីរផងដែរ។ សម្ដេចតេជោសង្ឃឹមថា ប្រទេសនៅលើពិភពលោកដែលគោរពច្បាប់អន្ដរជាតិ នឹងគាំទ្រដល់កម្ពុជា ក្នុងស្វែងរកដំណោះសា្រយដោយសន្ដិវិធី និងដោយសន្ដិភាពតាមរយៈការចរចាទ្វេភាគី និងតាមរយៈនៃយន្ដការតុលាការយុត្ដិធម៌អន្ដរជាតិ។ «ដូច្នេះហើយ បានជាយើងជ្រើសរើសយកដំណោះស្រាយសន្ដិភាពតាមរយៈនៃការចរចា និងតាមរយៈនៃការអនុវត្ដច្បាប់។ ហើយខ្ញុំសង្ឃឹមថា ប្រទេសនៅលើពិភពលោកដែលកំពុងតែអនុវត្ដន៍នូវនយោបាយតាមការគោរពច្បាប់អន្ដរជាតិ ដែលចៀសវាងការមិនប្រើប្រាស់កម្លាំង ឬគំរាមការប្រើប្រាស់កម្លាំង នឹងគាំទ្រដល់កម្ពុជា ក្នុងស្វែងរកដំណោះសា្រយដោយសន្ដិវិធី និងដោយសន្ដិភាពតាមរយៈការចរចាទ្វេភាគី និងតាមរយៈនៃយន្ដការតុលាការ»។ នេះគឺជាការលើកឡើងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន៕
ដោយ៖ រិទ្ធី





