ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវរឹតបណ្ដឹងអនុវត្តបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានខ្លួន
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានខ្លួន និងគ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់។ ឯកឧត្ដមបានបញ្ជាបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកុម្ភៈ២០២៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម អភិបាលរាជធានី បានមានប្រសាសន៍ថា អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវណែនាំរហូតដល់ភូមិ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានក្រុមក្មេងទំនើងបង្កភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។ សម្រាប់អាជ្ញាធរខណ្ឌនៅជាយក្រុង ត្រូវសហការជាមួយអាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ ជាមួយរាជធានីភ្នំពេញឱ្យបានប្រទាក់ក្រឡាគ្នា ដើម្បីទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ឱ្យបាន ពិសេសក្រុមក្មេងទំនើងនេះតែម្តង។ ជាធម្មតាបទល្មើសកើតមានយើងត្រូវស្រាវជ្រាវ បង្ក្រាបហើយ។ តែអ្វីដែលសំខាន់ទៀតនោះគឺការបង្កើនកម្លាំងពួនស្ទាក់ ដើម្បីទប់ស្កាត់បទល្មើស។ បើទីតាំងស្មុគស្មាញមានហានិភ័យ ត្រូវដាក់ប៉ុស្តិ៍ប្រចាំការនៅទីនោះ។


ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យខណ្ឌទាំង១៤ពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញគឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស និងឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បន្តបាញ់ថ្នាំមូសដើម្បីសុខុមាលភាពប្រជាពលរដ្ឋ បើទោះបីយើងបើកយុទ្ធនាការ១លើកមកហើយកាលពីដើមខែមករាឆ្នាំ២០២៥ តែដោយសារឆ្នាំនេះ មូសច្រើនខុសពីធម្មតា ទើបយើងបន្តការបាញ់ថ្នាំសម្លាប់មូសបន្ថែមទៀត។ ជាមួយនឹងការជំរុញឱ្យមានការផ្សព្វផ្សាយពីសកម្មភាពបាញ់ថ្នាំសម្លាប់មូសនេះឱ្យបានច្រើនទូលំទូលាយ និងគ្រប់មធ្យោបាយពិសេសតាមតិកតុកផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា នៅថ្ងៃទី១៤កុម្ភៈខាងមុខនេះគឺជាទិវានៃក្តីស្រឡាញ់ ដូច្នេះក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពិសេសនៅគ្រប់កន្លែងសប្បាយ ភាពទាំងអស់នៅក្នុងរាជធានីភ្នំពេញ៕
ដោយ សួស សំរិត





