អាជ្ញាធរស្រុកកោះអណ្តែត ជំរុញឱ្យពង្រឹងប្រសិទ្ធភាព សេវាប្រមូលសំរាមក្នុងឃុំរមេញ
AKP តាកែវ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--ដើម្បីពិនិត្យ និងកែលម្អប្រព័ន្ធគ្រប់គ្រង ការប្រមូលសំរាមនៅក្នុងមូលដ្ឋានឃុំរមេញ ធានាបាននូវអនាម័យ បរិស្ថាន និងសោភណភាពជូនប្រជាពលរដ្ឋ អាជ្ញាធរស្រុកកោះអណ្ដែត បានបើកកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពិនិត្យកែលម្អ និងជំរុញប្រសិទ្ធភាព សេវាប្រមូលសំរាម នៅក្នុងមូលដ្ឋានឃុំរមេញ។អញ្ជើញជាអធិបតីក្នុងពិធីនេះដោយ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរឃុំរមេញ។

ពិធីនេះរៀបចំឡើងនៅសាលប្រជុំ រដ្ឋបាលស្រុកកោះអណ្ដែតខេត្តតាកែវ កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត បានគូសបញ្ជាក់ថា បញ្ហាសំរាម និងកាកសំណល់រឹង គឺជាការងារអាទិភាពមួយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានទាន់ពេលវេលា។ដើម្បីចៀសវាងការប៉ះពាល់ដល់អនាម័យសុខភាពសាធារណៈ បរិស្ថាន និងសោភណភាព របស់បងប្អូនប្រជាពលរដ្ឋ។

លោកអភិបាលស្រុកកោះអណ្ដែត ក៏បានណែនាំបន្ថែមដល់អាជ្ញាធរឃុំរមេញ និងសេវាករប្រមូលសំរាម ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំកាលវិភាគ និងពេលវេលាប្រមូលសំរាម ឱ្យបានច្បាស់លាស់និងទៀងទាត់។ត្រូវតាមដាន និងដោះស្រាយបញ្ហា កាកសំណល់សំរាមស្ទះនៅតាមទីសាធារណៈ ឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានក្នុងសហគមន៍។

លោក ភួន ឈីម ក៏ធ្វើការបានអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងឃុំរមេញ ចូលរួមសហការជាមួយអាជ្ញាធរ។ដោយផ្លាស់ប្តូរទម្លាប់នៃការបោះចោលសំរាមពាសវាលពាសកាល មកជាការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ។ដើម្បីរួមគ្នាកសាងឃុំរមេញ ក៏ដូចជាស្រុកកោះអណ្ដែតទាំងមូល ឱ្យក្លាយជាមូលដ្ឋានមានអនាម័យបរិស្ថានស្អាត ខ្យល់អាកាសបរិសុទ្ធ និងមានសោភណភាពគួរឱ្យចង់រស់នៅ៕
ដោយ អ៊ុច សៀង





