ព្រះករុណា ព្រះមហាក្សត្រ ចាត់ទុកការទូតសភាបានរួមចំណែកលើកកម្ពស់ចំណងមិត្តភាព ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភានានា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជបន្ទូលឱ្យដឹងថា ក្នុងនាមជាយន្តការពិសេសមួយសម្រាប់ការសន្ទនា និង ការកសាងទំនុកចិត្ត ការទូតសភាបានរួមចំណែកលើកកម្ពស់ចំណងមិត្តភាព ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភានានា ដោយបំពេញបន្ថែមដល់ការទូតបែបប្រពៃណី ក្នុងការខិតខំរួមគ្នាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាពរួម។ នេះបើយោងតាមព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ “សាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី” ដែលអានដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធរដ្ឋសភា ក្នុងពិធីបើកសន្នីសីទប្រធានសភានៃ អន្តរសភាលើកទី២ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ព្រះករុណា ព្រះមហាក្សត្របានមានព្រះរាជឱង្ការថា ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយបានកត់សម្គាល់ឃើញ ប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាពនៅថ្នាក់តំបន់ និងសកលលោក តាមរយៈគោលដៅ អាទិភាពនានារបស់ព្រឹទ្ធសភា នីតិកាលទី៥ ជាពិសេសតាមរយៈការពង្រឹងគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ និងការជំរុញការទូតសភា។ ព្រះអង្គបានបន្ដថា ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានព្រះរាជហឫទ័យសោមនស្សរីករាយជាអនេក សូម អបអរសាទរពិធីបើកសន្និសីទប្រធានសភានៃអន្តរសភា ដែលព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ។ ក្នុងឱកាសដ៏មាននក្ខត្តឫក្សនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការស្វាគមន៍យ៉ាង កក់ក្តៅជូនចំពោះ ឯកឧត្តម លោកជំទាវ ជាប្រធានសភា គណៈប្រតិភូ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ព្រះករុណា ព្រះមហាក្សត្របានឱ្យដឹងទៀតថា វត្តមាន របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឆ្លុះបញ្ចាំងនូវមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងកិច្ចគាំទ្រដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ សន្និសីទត្រូវបានរៀបចំឡើងក្រោមមូលបទ សាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួម៖ ពង្រឹង ច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ដែលជាប្រធានបទប្រកបដោយអត្ថន័យ និងសម ស្របនឹងកាលៈទេសៈបច្ចុប្បន្ន។ ព្រះអង្គមានបន្ដទៀតថា នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការប្រកួតប្រជែ ផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ ការបាត់បង់ទំនុកចិត្តគ្នាទៅវិញទៅមក និងបញ្ហា ប្រឈមផ្នែកសន្តិសុខទាំងបែបប្រពៃណី និងមិនមែន ប្រពៃណី ប្រធានបទនេះបានបង្ហាញយ៉ាងច្បាស់ អំពីភាពចាំបាច់ជាបន្ទាន់ក្នុងការពង្រឹងកិច្ចសន្ទនា ការអត់ធ្មត់ កិច្ចសហប្រតិបត្តិការ និងការប្រកាន់ ខ្ជាប់នូវនីតិអន្តរជាតិ។

តាមរយៈព្រះរាជសារនេះដែរ ព្រះករុណា ព្រះមហាក្សត្របានចាត់ទុកថា ការជ្រើសរើសព្រះរាជាណាចក្រកម្ពុជា និងរាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំសន្និសីទនេះ មានអត្ថន័យ ពិសេសខ្លាំងណាស់។ កម្ពុជា ស្ថិតនៅចំណុចប្រសព្វនៃអរិយធម៌, វប្បធម៌, និងប្រជាជន។ ទន្ទឹមនេះ ឆ្លងកាត់ប្រវត្តិសាស្ត្ររបស់ខ្លួន កម្ពុជា ជាទឹកដីនៃការផ្លាស់ប្តូរ ការប្រាស្រ័យទាក់ទងជាមួយគ្នា និង កិច្ចសហប្រតិបត្តិការ។ រាជធានីភ្នំពេញ ដែលគេស្គាល់ថាជាទីក្រុងចតុម្មុខ ជាទីប្រសព្វនៃទន្លេបួន ពិតជាផ្តល់នូវនិមិត្តរូបដ៏សក្តិសម សម្រាប់ការជួបជុំថ្ងៃនេះ។ នៅទីនេះ ខ្សែទឹកផ្សេងៗហូរមកជួបប្រសព្វគ្នា ដោយទន្លេនីមួយៗនៅតែរក្សាបាននូវអត្តសញ្ញាណ និងលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែរួមគ្នាហូរឆ្ពោះទៅ កាន់ទិសដៅរួមតែមួយ។ និមិត្តរូបនេះបានឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅអំពីស្មារតីនៃសន្និសីទដែល ប្រមូលផ្តុំថ្នាក់ដឹកនាំសភាមកពីតំបន់ វប្បធម៌ នឹងប្រព័ន្ធនយោបាយចម្រុះ ដើម្បីពង្រឹងការយោគយល់ គ្នាទៅវិញទៅមក កសាងទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកដល់ផល ប្រយោជន៍រួម និងអនាគតប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
បើតាមព្រះរាជសារព្រះមហាក្សត្រ បានលើកឡើងពីប្រវត្តិសាស្ត្ររបស់កម្ពុជា បានផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅ និងពិសេសចំពោះការពិភាក្សានៃ សន្និសីទនេះ។ ប្រជាជាតិយើងខ្ញុំ ធ្លាប់ស្គាល់ទាំងភាពរុងរឿងដ៏ត្រចះត្រចង់នៃអរិយធម៌អង្គរ សោកនាដកម្មនៃសង្គ្រាម និងការបែកបាក់ ព្រមទាំងដំណើរដ៏វែងឆ្ងាយនៃការស្តារ និងកសាងជាតិឡើងវិញ។ ដោយបានឆ្លងកាត់ទុក្ខលំបាក និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាយល់យ៉ាងជ្រាល ជ្រៅអំពីតម្លៃដ៏វិសេសវិសាលនៃសន្តិភាព ការផ្សះផ្សាជាតិ និងការរួមរស់ដោយសុខដុមរមនា។ ព្រះករុណា ព្រះមហាក្សត្របានគូសបញ្ជាក់ថា តាមរយៈការផ្សះផ្សាជាតិ កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងការអនុវត្តប្រកបដោយជោគជ័យ នៃនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជា ទទួលបាននូវសុខសន្តិភាព, ឯកភាពជាតិ, ស្ថិរភាព, និងការអភិវឌ្ឍ។ បទពិសោធន៍នេះ រម្លឹកយើងថា សន្តិភាព មិនកើតឡើងដោយឯកឯងទេ។ សន្តិភាពត្រូវកសាងដោយភាពក្លាហាន នយោបាយ ការជឿជាក់ ការផ្សះផ្សា, កិច្ចសន្ទនា, និងការគោរពនីតិរដ្ឋ។ «សន្តិភាពដែលកម្ពុជា សម្រេចបានក្រោយការតស៊ូ និងការលះបង់ដ៏ធំធេង បានបើកផ្លូវឱ្យប្រទេសរបស់យើងខ្ញុំ ដើរតួនាទីកាន់តែសកម្មក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ សន្តិភាពនេះ បានអនុញ្ញាតឱ្យកម្ពុជា ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយអាស៊ាន អនុតំបន់មេគង្គ និងសហគមន៍អន្តរជាតិ ព្រមទាំង ពង្រីកការរួមចំណែករបស់ខ្លួនតាមរយៈការទូតសភា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សកម្មភាពមនុស្សធម៌ ការជំរុញកិច្ចសន្ទនាអន្តរជាតិ និងកិច្ចការបោសសម្អាតមីន ដើម្បីជាប្រយោជន៍ដល់សន្តិភាព និងសន្តិសុខរួមរបស់មនុស្សជាតិ»។នេះគឺជាការលើកឡើងបន្ថែមតាមរយៈព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានបញ្ជាក់បន្ថែមថា ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ក្នុងការឆ្លងកាត់សង្គ្រាម ការផ្សះផ្សាជាតិ និងការស្តារ និង កសាងប្រទេសឡើងវិញ កម្ពុជា បានប្រែក្លាយមេរៀនដ៏ឈឺចាប់ពីអតីតកាលទៅជាការរួមចំណែកដ៏មាន អត្ថន័យក្នុងការលើកកម្ពស់ សន្តិភាព និងកិច្ចការមនុស្សធម៌នៅលើឆាកអន្តរជាតិ។ ដោយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាប្រទេសឈានមុខមួយក្នុងវិស័យសកម្មភាពបោសសម្អាតមីន និងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម កម្ពុជាបានចែករំលែកចំណេះដឹង ជំនាញ និង បទពិសោធន៍របស់ខ្លួនជាមួយបណ្តាប្រទេសដែលកំពុងងើបចេញពីជម្លោះ ដោយរួមចំណែកសង្គ្រោះ អាយុជីវិត ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស ស្តារសហគមន៍ឱ្យមានសុវត្ថិភាពឡើងវិញ និងបង្កើត មូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ រិទ្ធី និង ជឹម ណារី





