ពិព័រណ៍សិក្សា និងការងារឆ្នាំ២០២៥ នៃព្រះរាជាណាចក្រថៃ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥-- ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាបានស្វែងយល់ និងទទួលបានព័ត៌មានពេញលេញច្បាស់លាស់ពីកម្មវិធីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសថៃ ក៏ដូចជាឱកាសការងារដ៏សម្បូរ បែបដែលផ្តល់ជូនដោយក្រុមហ៊ុនថៃនៅកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិព័រណ៍សិក្សា និងការងារឆ្នាំ២០២៥ នៃព្រះរាជាណាចក្រថៃ ក្រោមមូលបទ “រួមគ្នាដើម្បីអនាគតដ៏កាន់តែប្រសើរ”។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណដល់ស្ថានទូតថៃប្រចាំនៅកម្ពុជា ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំពិព័រណ៍សិក្សា និងការងារឆ្នាំ២០២៥នេះឡើង ក្នុងគោលបំណង ដើម្បីជាការអបអរខួបគម្រប់៧៥ឆ្នាំនៃការស្ថាបនាទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ ព្រមទាំងជាឱកាសជួបជុំគ្នាដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកដែលកំពុងស្វែងរកការងារ ឬឱកាសបន្តការសិក្សា និងកម្មវិធីអាហារូបករណ៍ថៃ ដោយការជួបផ្ទាល់ជាមួយតំណាងសកលវិទ្យាល័យល្បីៗ មកពីប្រទេសថៃ ក៏ដូចជាការជួបផ្ទាល់ជាមួយក្រុមហ៊ុនថៃឈានមុខគេដែលកំពុងបោះទុននៅកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះពិតជាសក្ខីភាពនៃទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា-ថៃ ក្នុងនាមជាប្រទេសជិតខាង និងជាសមាជិកអាស៊ានតែមួយ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបង្កើតថ្មី និងការបង្កើតឱកាសកាន់តែសម្បូរបែបសម្រាប់យុវជន ដើម្បីក្លាយជាកម្លាំងចលករចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចព្រះមហាក្សត្រី មហាចក្រី សិរិន្ទថន ដែលតែងយកចិត្តទុកដាក់ចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់ជូននូវអាហារូបករណ៍ជាច្រើនដល់និស្សិតកម្ពុជា ក៏ដូចជាកម្មវិធីការផ្លាស់ប្តូរការសិក្សា និងការអប់រំបច្ចេកទេស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងពិព័រណ៌បែបនេះ ដើម្បីទទួលយកនូវអត្ថប្រយោជន៍ជាច្រើនដែលកម្មវិធីផ្តល់ជូន ហើយព្យាយាមចាប់យកឱកាសការសិក្សា និងការងារ ពង្រីកការយល់ដឹង ពង្រឹងបទពិសោធន៍ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងវេទិកាកិច្ចពិភាក្សានានា ស្វែងយល់ពីភាពចម្រុះនៃអាជីពការងារ និងជំនាញដែលត្រូវការជាចាំបាច់ ដើម្បីបង្កើនសក្តានុពលយុវជនក្នុងទីផ្សារការងារប្រកបដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





