ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកពានសម្តេចតេជោ ហ៊ុន សែន ក្រោយឈ្នះវិសាខា នៅវគ្គផ្តាច់ព្រ័ត្រ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦--ក្រុមព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកពានរង្វាន់សម្ដេតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល២០២៥-២០២៦ បន្ទាប់ពីបានយកឈ្នះក្រុមវិសាខា ដោយការទាត់បាល់១១ម៉ែត្រកាត់សេចក្ដី ក្នុងលទ្ធផល ៥-៣ ក្រោយរក្សាលទ្ធផល ១២០នាទី ស្មើគ្នា ៤-៤ វគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញបំផុត ក្រុមវិសាខា បានបើកការនាំមុខ ២គ្រាប់មុន ដោយរកបានដោយ កីឡាករ ស៊ិន កក្កដា នៅនាទី១៤ និងកីឡាករ Scot Allardice នៅនាទី២៥ មុន Kwame Peprah វាយបក ១គ្រាប់ឱ្យព្រះខ័នរាជស្វាយរៀងវិញ នៅនាទី៤០។ ចូលវគ្គទី២ វិសាខា បានធ្វើសម្រេចបាន១គ្រាប់បន្ថែម ដោយកីឡាករ ឡេង ណូរ៉ា នៅនាទី៦៩ ហើយនៅនាទី៧៣ កីឡាករ Kwame Peprah របស់ព្រះខ័នរាជស្វាយរៀង រកបាន១គ្រាប់បន្ថែមតាមពីក្រោយ។

ឱកាសខ្ពស់ក្នុងការគ្រងជើងឯកពានរង្វាន់សម្តេចតេជោរបស់ក្រុមវិសាខាត្រៀមនឹងសម្រេចទៅហើយនោះ ប៉ុន្តែត្រូវបានបង្អាក់ដំណើរ ដោយសារតែកីឡាករ Jagodinskis Vitalijs ធ្វើឱ្យមានកំហុសភ្លាត់ចូលទីខ្លួនឯង (Own Goal) នៅនាទី៩០បូក៦ ដែលនាំឱ្យលទ្ធផល ៣ទល់៣នេះ ឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង។ នៅក្នុងម៉ោងបន្ថែមនេះ កីឡាករ Kwame Peprah របស់ព្រះខ័នរាជស្វាយរៀង ធ្វើសម្រេចបាន១គ្រាប់ នៅនាទី១១៥ ខណៈកីឡាករ ឆេង ម៉េង របស់វិសាខា រកបាន១គ្រាប់តាមស្មើវិញ នៅនាទី១១៨ ដែលនាំឱ្យឈានដល់ការកាត់សេចក្តី ដោយទាត់បាល់១១ម៉ែត្រ។ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះវិសាខា ដោយលទ្ធផល ៥ទល់៣ ហើយឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលនេះតែម្តង។

គួរបញ្ជាក់ថា ការឈ្នះជើងឯករបស់ព្រះខ័នរាជស្វាយរៀងនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាការគ្រប់គ្រងម្ចាស់ជើងឯកជាលើកទី៦ ក្នុងចំណោម១១លើក ដែលក្រុមខ្លាំងមួយនេះឈានដល់វគ្គផ្ដាច់ព្រ័ត្រ។ ចំពោះក្រុមវិសាខា បានទទួលជើងឯករងលើកដំបូង បន្ទាប់ពីធ្លាប់គ្រងជើងឯក៣រដូវកាលជាប់គ្នា កាលពីឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២។ អ្វីជាការកត់សម្គាល់សម្រាប់សមិទ្ធផលធំៗរបស់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់គ្រូបង្គោលជនជាតិអង់គ្លេស លោក MCCONKEY MATTHEW MERVYN គឺឈ្នះជើងឯកលីគកំពូលកម្ពុជា ២០២៥-២០២៦ ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០២៥-២០២៦ និងជាជើងឯករង ពានរង្វាន់ក្លឹបលំដាប់ទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League ២០២៥-២០២៦៕

ដោយ ហេង ណាលីន (ក្លឹបព្រះខ័នរាជស្វាយរៀង)





