ក្រុមការងាររាជរដ្ឋាភិបាល និងកាកបាទក្រហម ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរកងទ័ព និងពលរដ្ឋខ្វះខាត ៥០គ្រួសារ នៅស្រុកព្រះនេត្រព្រះ
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦-- ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយឈរលើគោលការណ៍គ្រឹះ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «មិនទុកនរណាម្នាក់ចោលឡើយ»។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម សុខ វិសាល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ក្នុងឱកាសដឹកនាំក្រុមការងារឃុំទានកាំ និងអនុសាខាកាកបាទក្រហមស្រុក ចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋខ្វះខាត និងគ្រួសារវីរកងទ័ព ចំនួន ៥០គ្រួសារ នៅឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម សុខ វិសាល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសេចក្ដីនឹករឭក និងការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រុមការងារតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយគ្មានការរើសអើង មិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរអ្វីឡើយ។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានថ្លែងកោតសរសើរដោយស្មោះចំពោះវីរកងទ័ព ក៏ដូចជាក្រុមគ្រួសារ ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។

ក្រៅពីការផ្តល់ជំនួយឧបត្ថម្ភជាស្បៀងអាហារ ឯកឧត្តមអនុប្រធានក្រុមការងារ ក៏បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើកត្តាចម្បងក្នុងស្ថានភាពបច្ចុប្បន្ន គ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់ និងរន្ទះ) ដោយសារបច្ចុប្បន្នស្ថិតក្នុងរបត់បម្រែបម្រួលអាកាសធាតុ ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះសូមពលរដ្ឋពិនិត្យ និងចងរឹតពង្រឹងរចនាសម្ព័ន្ធផ្ទះសម្បែងឱ្យបានរឹងមាំ។
ដើម្បីធានាបាននូវសុខុមាលភាពមាំមួន ឯកឧត្តម សុខ វិសាល ក៏បានចែករំលែកនូវវិធានការថែទាំសុខភាព និងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ដោយផ្តោតលើចំណុចសំខាន់ៗរួមមានបង្ការជំងឺរាតត្បាត បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនានា ដូចជាជំងឺកូវីដ-១៩, ផ្ដាសាយបក្សី (H5N1), គ្រុនចាញ់, និងគ្រុនឈីក-គ្រុនឈាម ដោយត្រូវរស់នៅមានអនាម័យ និងគេងក្នុងមុងជានិច្ច។ កែប្រែទម្លាប់ហូបចុក ត្រូវកាត់បន្ថយអាហារដែលមានរសជាតិ ផ្អែមពេក ប្រៃពេក និងខ្លាញ់ពេក ព្រមទាំងកាត់បន្ថយការពិសារភេសជ្ជៈកំប៉ុង។ ផ្ទុយទៅវិញ ត្រូវងាកមកហាត់ប្រាណជាប្រចាំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ថ្នាក់ដឹកនាំបានផ្តល់ការលើកទឹកចិត្ត និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំដាំដុះដំណាំរួមផ្សំ បន្លែបង្ការ និងចិញ្ចឹមសត្វឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែមានស្ថេរភាព និងមាននិរន្តរភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕
ដោយ ឈុន សារ៉ាត





