អភិបាលស្រុកកស្ទោងណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យលទ្ធភាព និងអាទិភាពជាក់ស្ដែងក្នុងការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករ
AKP កំពង់ធំ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យលទ្ធភាព និងអាទិភាពជាក់ស្ដែងក្នុងការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករ ក្នុងឱកាសអញ្ជើញពិនិត្យស្រែស្រូវ និងប្រភពទឹកក្នុងការសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករក្នុងភូមិបេង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក សាយ គឹមឡម បានសង្កត់ធ្ងន់ថា ប្រជាកសិករ មន្ត្រីកសិកម្មឃុំនិងអាជ្ញាធរ ភូមិ ឃុំ ត្រូវពិនិត្យលទ្ធភាពសិក្សាស្រង់ស្ថិតិឱ្យបានជាក់ស្ដែងបំផុតនូវប្រភពទឹកដែលមានស្តួចស្តើងបំផុតតែនៅក្នុងអន្លង់ជ្រៅៗមួយចំនួននៃស្ទឹងស្ទោង ព្រមទាំងស្រែស្រូវរបស់ខ្លួនដែលអាចសង្គ្រោះបានជាមុនសិនទើបលោកអនុញ្ញាតឱ្យដំណើរការបូមសង្គ្រោះសារជាថ្មី។ ស្រែស្រូវណាដែលអាចសង្គ្រោះបានពិតប្រាកដហើយដែលអាចនឹងឈានទៅទទួលបានទិន្នផលផ្ទុយទៅវិញប្រសិនបើស្រែស្រូវមួយចំនួនដែលពុំមានអាទិភាពក្នុងការសង្គ្រោះទេគឺពុំអនុញ្ញាតឱ្យបូមស្រោចស្រពបន្ថែមទៀតឡើយព្រោះអាចនាំឱ្យបាត់បង់នូវថវិកាបន្ថែមទៀត ហើយស្រែស្រូវក៏ពុំទទួលបានទិន្នផលព្រោះអាចនឹងស្វិតស្រពោនដែលពុំអាចសង្គ្រោះបានព្រោះពុំមានប្រភពទឹកបូមសង្គ្រោះទៀតទេ ដោយស្រែស្រូវមានបរិមាណមាណច្រើនប៉ុន្តែប្រភពទឹកសង្គ្រោះមានតិចតួចបំផុត។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានអំពាវនាវដល់ប្រជាកសិករម្ចាស់ស្រែត្រូវទទួលយកការពិត និងសហការខ្ពស់បំផុតជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធឱ្យអស់ពីលទ្ធភាពក្នុងការសិក្សាឱ្យបានជាក់ច្បាប់បំផុតនូវស្រែដែលអាចសង្គ្រោះបាន ឬស្រែដែលត្រូវបោះបង់ចោល និងបានជំរុញបន្ថែមដល់អាជ្ញាធរភូមិភូមិបេង ឃុំបន្ទាយស្ទោង ត្រូវធ្វើរបាយការណ៍ស្ថិតិនេះឱ្យបានលឿន និងបន្ទាន់បំផុតដើម្បីលោកពិនិត្យលទ្ធភាព និងអាទិភាពហើយត្រឡប់មកជួប និងជួយបូមសង្គ្រោះសារជាថ្មីឱ្យទាន់ពេលវេលា៕


ដោយ ស៊ុម វណ្ណា





