ភូមិចំនួន៣ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលបិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ
AKP កណ្ដាល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥-- មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងភូមិស្វាយអាត់លើ ភូមិស្វាយអាត់ក្រោម និងភូមិស្វាយអាត់កណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានក្បាលដីចំនួន ២ ៥២៨ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញបណ្ណកម្មសិទ្ធិជូន។

លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានថ្លែងថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃ គឺដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព្រំប្រទល់ក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង ហើយក្បាលដីដែលមិនមានទំនាស់នោះក្រុមការងារនឹងចុះបញ្ជីចេញបណ្ណ និងចែកបណ្ណកម្មសិទ្ធិជូនម្ចាស់ដី។ ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្យមើលការបិទឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គឺរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង បើក្នុងករណីផុតរយៈពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។ សម្រាប់ស្រុកខ្សាច់កណ្តាលបានបិទផ្សាយរួចមកដល់ពេលនេះចំនួន១៨លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន០៣ភូមិ គឺ ភូមិស្វាយអាត់លើ ភូមិស្វាយអាត់ក្រោម និងភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ មានចំនួន ២ ៥២៨ក្បាលដី និងបានចែកបណ្ណរួចចំនួន១៥លើក សរុបបានចំនួន ១៧ ៦០៤បណ្ណ។

ក្នុងឱកាសនោះលោក អ៊េតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍លើកឡើងថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា រហូតឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។ គោលបំណងដ៏សំខាន់នៃការបិទផ្សាយនេះ គឺដើម្បីធានាបាននូវទិន្នន័យឱ្យមានលក្ខណៈត្រឹមត្រូវស្របច្បាប់ដោយទុកឱកាសឱ្យបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី។ ការជំទាស់តវ៉ាអាចធ្វើបានរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះតទៅហើយក្នុងរយៈពេល១៥ថ្ងៃនេះ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្តឹងដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





