ជម្រើសជាតិកីឡាស្គែតកម្ពុជា៤នាក់បន្តការហ្វឹកហាត់ត្រៀមការប្រកួតកីឡាអាស៊ីរដូវរងារ នៅចិន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥--ក្រុមកីឡាករស្គែតជម្រើសជាតិកម្ពុជាកំពុងបន្តការហ្វឹកហាត់ នៅទីលានប្រកួត ត្រៀមប្រកួតផ្លូវការ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីរដូវរងា លើកទី៩ (The 9th Asian Winter Games) ពីថ្ងៃទី០៤-១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាពីង សាធារណរដ្ឋប្រជាមានិតចិន ដែលជាកំណត់ត្រាការចូលរួមជាប្រវត្តិសាស្ត្រដំបូងបំផុតរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍រៀងរាល់៤ឆ្នាំម្តងនេះ។

លោក កុសល ពិសី ប្រធានសហព័ន្ធកីឡាស្គែតកម្ពុជា និងជាគ្រូបង្វឹកបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពីសាធារណរដ្ឋប្រជាមានិតចិនមកថា ការចូលរួមប្រកួតរបស់អត្តពលិកកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ីរដូវរងា ឆ្នាំ២០២៥ នៅប្រទេសចិន គឺជាជាកំណត់ត្រាជាប្រវត្តិសាស្ត្រជាលើកដំបូងបំផុត ដោយទទួលបានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងពិសេសពីសំណាក់ម្ចាស់ផ្ទះចិនផងដែរ។

លោក កុសល ពិសី គូសបញ្ជាក់ថា ក្រុមអត្តពលិកកីឡាជិះក្ដាររំអិលកម្ពុជា ធ្វើដំណើរមកដល់ខេត្តហឺឡុងជាង (Heilongjian) សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមប្រកួតកីឡាអាស៊ី រដូវរងា ដោយពិធីបើកជាផ្លូវការនឹងចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ និងបិទបញ្ចប់ទៅវិញ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានអត្តពលិក ១២៧៥នាក់មកពី៣៤ប្រទេសចូលរួមប្រកួតលើ៦៤វិញ្ញាសា ក្នុង១១ប្រភេទកីឡា។ សម្រាប់ក្រុមប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតនេះប្រកួតលើប្រភេទកីឡាជិះក្តាររំអិលលើទឹកកក មានចំនួន ៩នាក់ដឹកនាំដោយឯកឧត្តម ញ៉ាន សុខវិសាល នាយបេសកកម្ម និងក្នុងនោះមានកីឡាករ៤នាក់ គឺកីឡាករ ភីន ម៉េងជ័ង, ពីសី បញ្ញាសិទ្ធិ, ឌួង ច័ន្ទសុវណ្ណរតនៈ និងកីឡាករ រី ប៊ុនហាក់ ក្រោមការដឹកនាំរបស់លោក កុសល ពីសី ប្រធានសហព័ន្ធកីឡាស្គែតកម្ពុជា និងជាគ្រូបង្វឹក។

នេះជាលើកទី១ សម្រាប់កម្ពុជា ក្នុងនាមប្រទេសតំបន់ត្រូពិច ប្រទេសក្ដៅ ហើយមានក្រុមកីឡាដែលបានចូលរួមកីឡារដូវរងាកម្រិតអាស៊ី នៅទីក្រុង Harbin ប្រទេសចិន។ នេះជាមោទកភាពមួយដែលកម្ពុជាជាកំណត់ត្រាលើកទី១ក្នុងប្រវត្តិសាស្ត្រដែលបានចូលរួមការប្រកួតកីឡាអាស៊ីរដូវរងា។ នេះជាគោលនយោបាយ និងចក្ខុវិស័យរបស់អូឡាំពិកអន្តរជាតិ ដែលឱ្យប្រទេសក្ដៅ និងមិនមានខែត្រជាក់ មិនមានទឹកកក ជំរុញឱ្យមានការប្រកួតកីឡារដូវរងានេះទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយទទួលបានការលើកទឹកចិត្តឱ្យចូលរួមប្រកួតក្នុងរដូវរងារបែបនេះ។

ជាមួយគ្នានេះ លោក អន ចិន្ត្រាសំរិត មន្ត្រីគណៈកម្មាធិការធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ថ្ងៃនេះ ក្រុមអត្តពលិកកម្ពុជាបានមកធ្វើដំណើរដល់ទីលានប្រកួតនៅរមណីយដ្ឋានស្គីយ៉ាពួលី (Yabuli) ស្ថិតនៅភាគអាគ្នេយ៍ និងមានចំងាយ១៧៧គីឡូម៉ែត្រពីទីក្រុងម្ចាស់ផ្ទះហាពីង (Harbin)។ ក្រុមកម្ពុជានឹងត្រូវប្រកួត នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។ គួរបញ្ជាក់ថា នេះជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រកីឡាកម្ពុជា ដែលមានអត្តពលិកចូលរួមការប្រកួតកីឡារដូវរងាអាស៊ី ហើយកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុបចំនួន ៩រូប ទៅចូលរួម ខណៈអាកាសធាតុនៅតំបន់នោះត្រជាក់ខ្លាំង ស្ថិតក្រោម -២០អង្សាសេ៕

ដោយ ហេង ណាលីន (រូបភាព៖ ផ្តល់ជូនដោយលោក កុសល ពិសី)





