រដ្ឋបាលខេត្តកណ្តាល និងអ.ដ.ក ធ្វើកំណត់ហេតុបញ្ចប់វិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំធ្វើកំណត់ហេតុបញ្ចប់វិវាទ ដែលត្រូវបានអាជ្ញាធរខេត្តកណ្តាលសម្របសម្រួលបញ្ចប់កាលពីពេលកន្លងទៅ ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា អភិបាលរងខេត្ត និងឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ក្រោយពីបានចុះអនុស្សរណៈយោគយល់គ្នា នាពេលកន្លងមក រដ្ឋបាលខេត្តកណ្តាល និង អ.ដ.ក បានធ្វើការសម្របសម្រួលបញ្ចប់វិវាទដែលប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងមកកាន់រដ្ឋបាលខេត្ត ហើយក្រោយពីរដ្ឋបាលខេត្តបានសម្របសម្រួលបញ្ចប់ទំនាស់ទាំងនោះរួច បានធ្វើការបញ្ជូនទៅកាន់អគ្គលេខាធិការដ្ឋាន អ.ដ.ក ដើម្បីស្នើសុំធ្វើកំណត់ហេតុបញ្ចប់ និងប្រថាប់ត្រា ក្នុងក្របខណ្ឌ នៃអ.ដ.ក។ នៅថ្ងៃនេះជាលើកទី១ ដែលអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះមកធ្វើកំណត់ហេតុបញ្ចប់វិវាទចំនួន០២ករណី ចំពោះទំនាស់ដែលបានដោះស្រាយបញ្ចប់រួចហើយដោយរដ្ឋបាលខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានធ្វើការស្វាគមន៍ និងថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការនៃអ.ដ.ក និងមន្ត្រីសម្របសម្រួលដោះស្រាយវិវាទរបស់អ.ដ.ក ទាំងអស់ ដែលបានយកចិត្តទុកដាក់ និងចំណាយពេលវេលា ចុះមកដល់សាលាខេត្ត ធ្វើកំណត់ហេតុបញ្ចប់វិវាទក្នុងក្របខណ្ឌនៃអ.ដ.ក ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាកន្លងមក។ ចំពោះកំណត់ហេតុសម្របសម្រួលបញ្ចប់វិវាទដែលបានប្រថាប់ត្រាដោយ អ.ដ.ក នេះ នឹងមានតម្លៃគតិយុត្តិ ដូចទៅនឹងសាលក្រមរបស់តុលាការ ដែលមានអនុភាពអនុវត្ត ដោយមិនព្រួយបារម្ភចំពោះការប្រែក្រឡាសរបស់គូភាគី ហើយមានទម្ងន់ក្នុងការអនុវត្ត។

ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃអ.ដ.ក ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋបាល ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារសម្របសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយនេះជាលើកទី១ របស់អ.ដ.ក ដែលបានធ្វើកំណត់ហេតុបញ្ចប់វិវាទ លើសំណុំរឿងដែលបានសម្របសម្រួលបញ្ចប់រួចរាល់ តាមការស្នើសុំរបស់រដ្ឋបាលខេត្តកណ្តាល៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





