កិច្ចប្រជុំស្តីពីការពិនិត្យ និងការវាយតម្លៃជ្រើសរើសសាលារៀនគំរូសម្រាប់សន្និបាតអប់រំឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤-២០២៥
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងការវាយតម្លៃជ្រើសរើសសាលារៀនគំរូសម្រាប់សន្និបាតអប់រំឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤-២០២៥ បន្ទាប់ពីក្រសួងបានដាក់ចេញសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាសាលារៀនគំរូ ប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ បង្កើតគណៈកម្មការដឹកនាំ និងគណៈកម្មការបច្ចេកទេសអនុវត្តស្តង់ដាសាលារៀនគំរូទាំងបីកម្រិត ក្រុមការងារចុះជួយគាំទ្រតាមតំបន់ទាំង៥ ដែលមានសមាសភាពចម្រុះពីថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត គ្រូប្រឹក្សាគរុកោសល្យ គ្រូឧទ្ទេស នាយកល្អ គ្រូបង្រៀនល្អ ព្រមទាំងអ្នកឯកទេសនានារួចមក។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីសារៈសំខាន់នៃការវាយតម្លៃ និងពិនិត្យលើសូចនាករគំរូ ដើម្បីធានាបានថាសាលារៀនគំរូត្រូវបានជ្រើសរើសតាមគោលការណ៍ដែលបានកំណត់ និងបានលើកឡើងថា ការវាយតម្លៃត្រូវតែឆ្លុះបញ្ចាំងពីស្តង់ដាច្បាស់លាស់ និងត្រូវមានការចុះពិនិត្យ និងផ្ទៀងផ្ទាត់ជាប្រចាំ ដើម្បីធានាបាននូវភាពសុក្រឹត និងប្រសិទ្ធភាព។

បន្ថែមលើនេះ ឯកឧត្តមបានលើកឡើងពីតម្រូវការក្នុងការប្រើប្រាស់វិធីសាស្រ្តបង្រៀនថ្មីៗ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀនសូត្រ ដូចជាការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) នៅក្នុងការជ្រើសរើសជាសាលារៀនគំរូ រៀបចំឱ្យមានការបង្កើតយន្តការអចិន្ត្រៃយ៍ដើម្បីសម្របសម្រួលគម្រោងអប់រំ និងពង្រឹងសមត្ថភាពរបស់គ្រូបង្រៀនតាមរយៈការចុះបណ្តុះបណ្តាលពីក្រុមការងារជំនាញ និងបានណែនាំដល់ក្រុមការងារពាក់ព័ន្ធឱ្យពិនិត្យមើល School profile ដើម្បីសិក្សាឱ្យបានលម្អិតបន្ថែម ក្នុងគោលដៅធ្វើការវិភាគសូចនាករនីមួយៗឱ្យកាន់តែស៊ីជម្រៅ ជាពិសេសឈរលើមូលដ្ឋាននីតិវិធីវាយតម្លៃសាលារៀន និងឯកសារគាំទ្រពាក់ព័ន្ធរបស់សាលាគោលដៅ ដើម្បីមានមូលដ្ឋានរឹងមាំ និងច្បាស់លាស់ក្នុងការជ្រើសរើសសាលារៀនគំរូ។

គួរបញ្ជាក់ថា តាមរយៈរបាយការណ៍លទ្ធផលវាយតម្លៃជ្រើសរើសសាលារៀនគំរូរបស់អនុវិស័យទាំង៣ គឺមានបញ្ជីឈ្មោះសាលារៀនចំនួន១៤៤ (សាលាមត្តេយ្យសិក្សា២៤ សាលាបឋមសិក្សា៥០ សាលាមធ្យមសិក្សា៦៥ សាលាគរុកោសល្យ៥) ដើម្បីពិនិត្យ និងវាយតម្លៃសម្រេចជ្រើសរើសយកសាលារៀនជាប់ស្តង់ជាសាលារៀនគំរូដោយទទួលបាន “ពានប្រកាសនីយបត្រ និងថវិកាអមពាន” សម្រាប់សន្និបាតអប់រំនៅខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





