លោកជំទាវ ពុំ ចន្ទីនី អញ្ជើញបើកវគ្គផ្សព្វផ្សាយ ស្តីពី «ច្បាប់មនុស្សធម៌អន្តរជាតិក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងកាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធ»
AKP ភ្នំពេញ ថ្ងៃ២៦ ខែសីហា ឆ្នាំ២០២៦ --
កាកបាទក្រហមកម្ពុជា សហការជាមួយសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ បានរៀបចំបើកវគ្គផ្សព្វផ្សាយ ស្តីពី «ច្បាប់មនុស្សធម៌អន្តរជាតិក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ» ជូនដល់នាយទាហាន យោធាចារ្យ និស្សិត និងសិក្ខាកាម សរុបចំនួន ៥២០នាក់ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ដូហ្សា ណាហ្សេមី សាល់មែន ប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ព្រមទាំងប្រតិភូ រួមជាមួយ ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ស្តីអំពីច្បាប់មនុស្សធម៌អន្តរជាតិក្នុងពេលមានជម្លោះប្រដាប់អាវុធ កិច្ចការពារជនស៊ីវិល គោលការណ៍មនុស្សធម៌ ព្រមទាំងលើកកម្ពស់ការគោរពច្បាប់ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប។

មុនឈានដល់ពិធីបើកវគ្គផ្សព្វផ្សាយផ្លូវការ តំណាងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា (CRC) បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យការពារជាតិ (CNDU) ដើម្បីពិគ្រោះយោបល់ និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC ) និងសាកលវិទ្យាល័យការពារជាតិ (CNDU) ក្នុងការគាំទ្រដល់វគ្គបណ្តុះបណ្តាល និងរៀបចំមេរៀនក្នុងកម្មវិធីសិក្សា ស្តីពីច្បាប់សង្រ្គាម ជូនដល់និស្សិតសាកលវិទ្យាល័យការពារជាតិ (CNDU)៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





