គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជា អបអរសាទរចំពោះខេត្តក្វាងនីញ ដែលទើបដំឡើងជាទីក្រុងលំដាប់ទី៨ របស់ប្រទេសវៀតណាម
AKP ខេត្តក្វាងនីញç វៀតណាម ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ចសិក្សា និងផ្លាស់ប្ដូរបទពិសោធន៍ការងារនៅប្រទេសវៀតណាម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះខេត្តក្វាងនីញ (Quang Ninh) ដែលត្រូវបានរដ្ឋសភាវៀតណាម បោះឆ្នោតអនុម័តសម្រេចដំឡើងជាទីក្រុងលំដាប់ទី៨ របស់ប្រទេសវៀតណាម នាពេលថ្មីៗនេះ។ ការសម្តែងនូវការអបអរសាទរបែបនេះ ត្រូវបានលើកឡើងដោយ លោក ជ្រីម ឆេងលីម ប្រធានគណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន ថាញ់ទុង អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងនីញ។

ក្នុងនាមគណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជា លោក ជ្រីម ឆេងលីម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ខេត្តក្វាងនីញ ជាពិសេសកំណើនប្រជាសាស្ត្រ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដ៏មានសក្ដានុពលខ្លាំងក្លាលើវិស័យទេសចរណ៍ និងឧស្សាហកម្មធ្យូងថ្ម រហូតទទួលបានការសម្រេចដំឡើងកម្រិតរដ្ឋបាលជាទីក្រុងលំដាប់ទី៨ របស់ប្រទេសវៀតណាម។ លោកប្រធានគណៈប្រតិភូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងជំនួបពិភាក្សាប្រកបដោយអត្ថន័យនាឱកាសនេះ។

សូមជម្រាបជូនថា ខេត្តក្វាងញីញ (Quang Ninh) គឺជាខេត្តឆ្នេរសមុទ្រមួយស្ថិតនៅភាគភូមិភាគឦសាននៃប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ប្រទេសចិន និងលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រ Tonkin ដែលមានភាពល្បីល្បាញខ្លាំងលើឆាកអន្តរជាតិ ដោយសារកន្លែងនេះ គឺជាទីតាំងនៃបេតិកភណ្ឌពិភពលោក UNESCO ឆ្នេរសមុទ្រ ហាឡុង (Ha Long Bay)ព្រមទាំងរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនទៀត៕


ដោយ៖ ទូច វលក័្ខណ





