ឯកឧត្តម ឆាយ ឫទ្ធិសែន និងឯកឧត្តម នួន ផារ័ត្ន ចុះពិនិត្យមើលស្ថានភាពស្ពានដែកមានស្ថានភាពចាស់ទ្រុឌទ្រោមស្រុកសណ្ដាន់ និងការដ្ឋានស្ថាបនាផ្លូវនៅស្រុកប្រាសាទសំបូរ
AKP កំពង់ធំ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥--
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាផ្លូវ១កន្លែងដែលប្រជាពលរដ្ឋស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងស្រុកប្រាសាទសំបូរ និងបន្តដំណើរពិនិត្យស្ពានដែកអូរមៀននៅស្រុកសណ្ដាន់ដែលមានស្ថានភាពទ្រុឌទ្រោម និងមានផ្នែកខ្លះត្រូវបានបាក់ស្រុត ដោយមិនអាចទ្រាំទ្រនឹងទម្ងន់យានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់បាន។

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ផ្លូវដីស១ខ្សែនេះត្រូវបានប្រជាពលរដ្ឋនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ បានស្នើសុំទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីជួយសាងសង់ផ្លូវដីសនេះឱ្យក្លាយទៅជាផ្លូវក្រាលគ្រួសក្រហមមានប្រវែង ១៣គីឡូម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាសម្រាប់ដឹកកសិផលផ្សេងៗ ហើយផ្លូវនេះកសាងដោយមន្ទីរអភិវឌ្ឍន៍ជនបទ។

នៅថ្ងៃដដែលនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តបានបន្តចុះពិនិត្យមើលស្ពានដែកអូរមៀន ស្ថិតនៅចំណុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ មានស្ថានភាពចាស់ទ្រុឌទ្រោមដែលអាជ្ញាធរខេត្ត បានចេញសេចក្តីជូនដំណើងស្តីពីការបិទចរាចរយានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ស្ពាននេះ ដោយអនុញ្ញាតឱ្យតែយានយន្តធុនតូចលក្ខណៈគ្រួសារនិងទោចក្រយានយន្តឆ្លងកាត់តែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរៀបចំធ្វើផ្លូវវាងដើម្បីទុកពេលវេលាឱ្យក្រុមការងារបច្ចេកទេសធ្វើការត្រួតពិនិត្យ និងជួសជុលឡើងវិញ។
ក្នុងនាមអាជ្ញាធរខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ សូមថ្លែងអំណរគុណដល់សម្តេចធិបតី ដែលបានចាត់តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះមកពិនិត្យស្ថានភាពជាក់ស្តែងនិងជួយដោះស្រាយសំណើ សំណូមពរប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តបានបន្តថា បន្ទាប់ពីផ្លូវក្រាលគ្រួសក្រហម និងស្ពានដែកត្រូវបានសាសង់ និងជួសជុលរួចរាល់សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមចំណែកថែរក្សាផ្លូវ-ស្ពានឱ្យប្រើប្រាស់បានយូរអង្វែង៕
ដោយ ស៊ុម វណ្ណា





