ឯកឧត្ដម ឡាំ ជា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍វឌ្ឍនភាព និងកំណត់ទិសដៅការងារបន្តរបស់ក្រុមការងារវាស់វែងព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍វឌ្ឍនភាព និងកំណត់ទិសដៅការងារបន្តរបស់ក្រុមការងារវាស់វែងព្រំដែនកម្ពុជា-ថៃ ដើម្បីស្ដាប់ការរាយការណ៍ និងតាមដានវឌ្ឍនភាពការងារ ព្រមទាំងផ្ដល់អនុសាសន៍ណែនាំជូនក្រុមការងារវាស់វែងព្រំដែនកម្ពុជា-ថៃសម្រាប់ការអនុវត្ដកិច្ចការជាមួយនឹងសមភាគីថៃបន្ដបន្ទាប់ទៀតផងដែរ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំធំនៃទីស្ដីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំ ព្រមទាំងឯកឧត្តមអគ្គនាយក លោកអគ្គនាយករង អនុនាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្ដី។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋមន្រ្ដីបានមានមតិស្វាគមន៍ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារវាស់វែងព្រំដែនកម្ពុជា-ថៃទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ដ បំពេញការងារដ៏មានសារៈសំខាន់នេះជូនរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងរាជរដ្ឋាភិបាលកម្ពុជាទាំងមូល។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះអង្គប្រជុំទាំងមូលដែលបានពិភាក្សាក្នុងផ្លាស់ប្ដូរមតិយោបល់ទៅលើបញ្ហាប្រឈម និងផ្ដល់ជាធាតុចូលដ៏មានសារៈសំខាន់នានា សម្រាប់សម្របសម្រួលការអនុវត្ដការងារ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងសមិទ្ធផលជាផ្លែផ្កាបន្ថែមទៀតជូនរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងរាជរដ្ឋាភិបាលកម្ពុជា៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)





