ឯកឧត្តម ហ៊ែល តូនី ចុះធ្វើអធិការកិច្ចបង្គោលព្រំតំបន់២ តំបន់៣ ដែនព្រៃលិចទឹក ខេត្តកំពង់ឆ្នាំង
AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប រួមជាមួយឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ និងឯកឧត្តម ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ត្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចុះធ្វើអធិការកិច្ចពិនិត្យមើលការបន្តអាស្រ័យផលស្រូវប្រាំងនៅក្នុងដីតំបន់២ និងតំបន់៣ នៃដែនព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកជលគីរី កំពង់លែង និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនេះដែរ ឯកឧត្តមអនុប្រធាន ហ៊ែល តូនី បានលើកឡើងអំពីគោលនយោបាយ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារ ថែរក្សាដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ព្រមទាំងបានណែនាំដល់អាជ្ញាធរដែនដីចូលរួមទប់ស្កាត់ការបន្តចូលអាស្រ័យផលដីតំបន់៣ ការរុករានទន្ទ្រានព្រៃលិចទឹក និងពង្រឹងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្ត មានដូចជាអនុក្រឹត្យលេខ ១៩៧ អនក្រ.បក និងអនុក្រឹត្យលេខ ៨៣ អនក្រ.បក។

សូមជម្រាបជូនថា ការចុះអធិការកិច្ច និងពិនិត្យការធ្វើស្រែប្រាំងក្នុងតំបន់២ និងតំបន់៣ ដល់ទីតាំងផ្ទាល់នេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាល អភិបាលរងស្រុក ប្រធានក្រុមប្រឹក្សាស្រុក កងកម្លាំងទាំង៣ អង្គភាព លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិពាក់ព័ន្ធ៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





