ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះនៅក្រុងតាខ្មៅទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
AKP កណ្ដាល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោកស្រី ស្រ៊ុន ស្រីនាង ហេរញ្ញិកគណៈកម្មាធិការសាខា ដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុងតាខ្មៅ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទៅចែកជូនដល់ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះអស់ទាំងស្រុងចំនួន២ខ្នង ស្មើនឹង២គ្រួសារ ដែលគ្រួសារទី១ រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ និង គ្រួសារទី២ រស់នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកស្រី ស្រ៊ុន ស្រីនាង បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងសេចក្តីអាណិតអាសូរជាទីបំផុត ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាជនរងគ្រោះទាំង២គ្រួសារនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោកស្រីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះគឺជារដូវរំហើយខ្យល់ស្ងួត ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ១ខ្នង បានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស និង១ខ្នងទៀតបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ លំនៅឋានទាំង២ខ្នងត្រូវបានអគ្គិសភ័យឆាបឆេះអស់ទាំងស្រុង ប្រជាជនរងផលប៉ះពាល់សរុបចំនួន ២គ្រួសារ តែគ្រោះមហន្តរាយនេះ ពុំបានគ្រោះថ្នាក់បាត់បង់ដល់អាយុជីវិតមនុស្សឡើយ។ អំណោយដែលបានចែកជូនជនរងគ្រោះ ដោយក្នុង១គ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម មី ១កេស កៅស៊ូតង់ ១ផ្ទាំង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ១កេស ត្រីខ ១យួរ ឃីតសម្ភារប្រើប្រាស់១កញ្ចប់ សម្ភារផ្ទះបាយ១ឈុត និងថវិកាចំនួន ១ ០០០ ០០០ រៀល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





