អ្នកសារព័ត៌មានកម្ពុជាចូលរួមយុទ្ធនាការផ្សព្វផ្សាយថ្មីមួយនៅទីក្រុងឆុងឈីង
AKP ឆុងឈីង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- ទីក្រុងឆុងឈីង ប្រទេសចិន បានប្រកាសបើកជាផ្លូវការនូវយុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយជាមួយនឹងអ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិជិត ១០០ នាក់ ដោយរួមទាំងអ្នកសារព័ត៌មានកម្ពុជា ដើម្បីបង្ហាញពីសក្តានុពល និងភាពទាក់ទាញរបស់ទីក្រុងក្នុងការក្លាយជាគោលដៅទេសចរណ៍ វប្បធម៌ ម្ហូបអាហារ និងសេវាកម្មអន្តរជាតិរបស់ទីក្រុងសម្រាប់ភ្ញៀវអន្តរជាតិ។

ពិធីប្រកាសយុទ្ធនាការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២០ ខែកញ្ញា ដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ក្នុងតំបន់ តំណាងស្ថានកុងស៊ុល និងអគ្គកុងស៊ុលបរទេសប្រចាំទីក្រុងឆុងឈីង និងខេត្តពាក់ព័ន្ធជាច្រើនរូបផងដែរ។

យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរខួប ៥ ឆ្នាំ នៃការអភិវឌ្ឍទីក្រុងឆុងឈីង ក្នុងនាមជាមជ្ឈមណ្ឌលប្រើប្រាស់អន្តរជាតិ ដោយប្រើប្រាស់យុទ្ធសាស្ត្រ «5+3+N» ដែលរួមមានសកម្មភាពស្នូលចំនួន ៥ សកម្មភាពគាំទ្រចំនួន ៣ និងសកម្មភាពពិសេសជាច្រើននៅតាមស្រុក និងខណ្ឌ។

ក្នុងពិធីនេះ ក៏មានការប្រកាសដាក់ឱ្យប្រើប្រាស់នូវ «ផែនទីមុខម្ហូបអាហារឆុងឈីង ២.០» ព្រមទាំងការដាក់បង្ហាញគម្រោងទេសចរណ៍វប្បធម៌ និងកីឡាថ្មីៗជាច្រើន ដើម្បីបង្កើនភាពទាក់ទាញរបស់ទីក្រុងចំពោះភ្ញៀវទេសចរ និងអ្នកប្រើប្រាស់អន្តរជាតិ។
លោក ចាង យុងវូ ( Zhang Yongwu ) នាយកគណៈកម្មការពាណិជ្ជកម្មទីក្រុងឆុងឈីង បានលើកឡើងថា ទីក្រុងមានមោទនភាពចំពោះអត្តសញ្ញាណពិសេសរបស់ខ្លួន ដូចជា «ឆុងឈីងដែលមិនដែលដេកលក់» និង «ទីក្រុងម្ហូបអាហារល្បីល្បាញលើពិភពលោក»។
លោកបានបញ្ជាក់ថា អត្តសញ្ញាណ និងបរិយាកាសពាណិជ្ជកម្មរបស់ទីក្រុង បានទាក់ទាញក្រុមហ៊ុនក្នុងបញ្ជី Fortune Global 500 ចំនួន ៣២៥ ក្រុមហ៊ុន និងម៉ាកយីហោល្បីៗជាង ២ ៨០០ ម៉ាក ឱ្យបង្កើតវត្តមាននៅទីក្រុងឆុងឈីង។
លោក ហ៊ី ឌូ (He Du) នាយកខណ្ឌ យូហុង (Yuzhong ) បានឱ្យដឹងថា ខណ្ឌកំពុងបន្តបង្កើតបរិយាកាសអំណោយផលសម្រាប់ភ្ញៀវអន្តរជាតិ តាមរយៈការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសំខាន់ៗចំនួន ៣ ផ្សារទំនើបចំនួន ២០ និងតំបន់ពាណិជ្ជកម្មបែបប្រពៃណីចំនួន ១០។
ខណ្ឌ យូហុង ក៏មានតំបន់បង្ហាញការលើកលែងពន្ធដំបូងគេនៅភាគខាងលិចប្រទេសចិន និងប្រព័ន្ធសេវាទូទាត់ដែលត្រូវបានអភិវឌ្ឍ ដើម្បីបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់អន្តរជាតិ។
នៅក្នុងចំណោមអ្នកសារព័ត៌មានទាំងនោះ ក៏មានអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗចំនួន ៣៣ នាក់ មកពី ៣០ ប្រទេស រួមមានកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា វៀតណាម ហ្វីលីពីន ប៉ាគីស្ថាន អ៊ីរ៉ង់ នេប៉ាល់ អាមេនី និងកាហ្សាក់ស្ថានផងដែរ។
ដោយ សឹម មង្គល





